កក្កដា
សញ្ញាណសំខាន់ៗបញ្ជាក់ថាកុំព្យូទ័រលោកអ្នកអាចនឹងគាំង
តើលោកអ្នកដឹងថាកុំព្យូទ័ររបស់លោកអ្នកអាចនឹងគាំងឈប់ដំណើរការក្នុងពេលឆាប់ៗនេះដែរ ឬទេ? ខាងក្រោមនេះជាសញ្ញាណមួយចំនួនដែលប្រាប់ថាកុំព្យូទ័ររបស់លោកអ្នកនឹងឧស្សាហ៍គាំងក្នុងពេលឆាប់ៗខាងមុខនេះ
១. ចេញផ្ទាំង Error
អ្នកទទួលបាននូវ error message ជាច្រើននៅពេលដែលកំពុងតែធ្វើកិច្ចការជាធម្មតានៅលើកុំព្យូទ័រដូចសព្វដង ។ រាល់ message error ទាំងនេះគឺបានបញ្ជាក់នូវព័ត៌មានមួយចំនួនអំពី file កំពុងតែចាប់ផ្ដើមខូច (corrupt) ឬ មិនអាចដំណើរការបាន (inaccessible) នៅពេលលោកអ្នកព្យាយាមបើក file ទាំងនោះដោយមានការព្រមានពី file ទាំងនោះថាមិនអាច save បាន ព្រមទាំងបានប្រាប់ឱ្យដឹងថាកម្មវិធីដែលបានបើកនោះ គឺបានឈប់រ៉ាប់រងកិច្ចការរបស់វាហើយ ។
២. មាន Pop-up Windows ប្លែក
Pop-up windows ជាច្រើនលេចឡើងខុសពីធម្មតា ស្របពេលដែលលោកអ្នកមិនបានធ្វើអ្វីទាំងអស់នៅលើ website ។ បញ្ហានេះគឺបណ្ដាលមកពី virus បន្លំជា pop-up ជាក់ស្ដែង ដើម្បីបោកបញ្ឆោតឱ្យអ្នកប្រើប្រាស់ download spyware ដើម្បីជារបាំងការខ្លួនវាពី antivirus ។ នៅពេលនោះវាប្រមូលរាល់ព័ត៌មានសំខាន់របស់អ្នកប្រើប្រាស់តាមរយៈការបង្ហាញខ្លួនវាជា webpage ត្រឹមត្រូវមួយហើយលួចចូលទៅក្នុងកុំព្យូទ័របាន ដោយសារតែការធ្វេសប្រហែសរបស់ antivirus មិនបានការពារ និងសំអាតបានល្អ ។
៣. កុំព្យូទ័រយឺតខ្លាំងនៅពេល Start Up
កុំព្យូទ័ររបស់លោកអ្នកពេល starts up និង ដំណើរការយឺតខ្លាំង ។ បញ្ហានេះគឺបណ្ដាលមកពីកម្រិតនៃប្រតិបត្តិការរបស់កុំព្យូទ័រធ្លាក់ចុះ ដោយសារតែកម្មវិធីធំៗមួយចំនួនដែលធ្វើឱ្យល្បឿននៃដំណើរការបាត់បង់ ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើឱ្យលោកអ្នកបាត់បង់ពេលវេលា និង ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយមិនបានដឹងមុន ។
៤. Web Browser ត្រូវបាន Hacker លួចគ្រប់គ្រង
Web browser (Internet Explorer, Firefox, Chrome, Opera ។ ល ។) ត្រូវបាន hacker លួចគ្រប់គ្រងបាន ហើយរាល់ពេល searches គឺវាប្ដូរទិសដៅទៅកាន់ website ខុស ។ ការផ្លាស់ប្ដូរនេះកើតឡើងដោយសារតែការចុច mouse នៅលើ website គ្មានការប្រុងប្រយ័ត្ន ហើយកត្តាចម្បងនោះគឺបណ្ដាលមកពី virus បានបើកច្រករបស់កុំព្យូទ័រព្រមទាំង file ដើម្បីឱ្យ hacker អាចលួចបាន ។
៥. មាន Blue Screen
នៅពេលដែលកុំព្យូទ័រកំពុងតែប្រើប្រាស់ហើយរំពេចនោះក៏បានលេចចេញនូវ Blue Screen of Death ជាមួយនឹង error message ពេលខ្លះទៀតលោកអ្នកគឺនឹងមិនបានឃើញ blue screen ទេព្រោះកុំព្យូទ័រត្រូវបានបិទ ។ សញ្ញាណទាំងនេះគឺប្រាប់ឱ្យដឹងថាកុំព្យូទ័រស្ថិតនៅក្នុងស្ថានភាពមួយដែលត្រូវទាមទារឱ្យមានការវិភាគរកមូលហេតុ និង ធ្វើការដោះស្រាយ ។
៦. កុំព្យូទ័របញ្ចេញសំឡេងលឺខ្លាំង
លោកអ្នកបានលឺសូរខុសពីធម្មតាចេញពីខាងក្នុងកុំព្យូទ័រ ពិសេសដូចជាសំឡេង លឺសូរកិកៗខ្លាំងៗ លឺសូរងូងៗ លឺសូរដូចជាកិនអ្វីមួយ ឬក៏លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។ សំឡេងទាំងនេះគឺបញ្ជាក់ឱ្យឃើញថា កុំព្យូទ័រស្ថិតក្នុងដំណាក់កាលមួយជិតខូច ហើយទិន្នន័យមួយចំនួនធំនៅក្នុងកុំព្យូទ័រ កំពុងតែត្រូវបានបំផ្លាញចេញពី Hard disk ដែលមិនអាចនឹងស្រោចស្រង់មកវិញបាន ។
៧. មានបញ្ហាលើការបង្ហាញរូបភាពលើអេក្រង់
ការបង្ហាញរូបភាពនៅលើកុំព្យូទ័រមានលក្ខណៈ ភ្លឹបភ្លេតៗ ស្រអាប់ មានពណ៌ខុសពីធម្មតា មិនអាច refresh បានបន្ទាប់ពីបិទកម្មវិធី ឬនៅមានពណ៌ខ្មៅនៅសល់បន្ទាប់ពីបើកកុំព្យូទ័រ ។ បញ្ហានេះកើតឡើងគឺពិតធ្វើឱ្យអ្នកប្រើប្រាស់ laptop និង notebook មានការធុញទ្រាន់ដោយសារតែពួកគេមិនអាចប្រើប្រាស់ monitor ផ្សេងទៀតបាន ។
៨. Hard disk អស់ Space
Primary hard drive របស់លោកអ្នកអស់កន្លែងដែលទំនេរសម្រាប់ផ្ទុកទិន្នន័យ ។ លោកអ្នកអាចទទូលបានការព្រមាន ដែលបញ្ជាក់ថា drive “C” របស់លោកអ្នកស្ទើរតែគ្មានកន្លែងទំនេរដែលនៅសល់នោះទេ (ចំណុចនេះគឺអាស្រ័យទៅលើ Operating System) ។ ពេលដែលវាកើតឡើងបែបនេះ កុំព្យូទ័រនឹងអាចឈប់ដំណើរការ ក៏ព្រោះតែវានឹងទាមទារឱ្យមានទំហំ នៃកន្លែងទំនេរពិតប្រាកដគ្រប់គ្រាន់មួយ ដែលអាចបំពេញនូវដំណើរការការងារផ្សេងៗបាន ។
៩. កុំព្យូទ័រលោកអ្នកនៅតែរក្សាស្ថានភាព reboot ដោយខ្លួនវា
នៅពេលដំបូងកុំព្យូទ័របាន reboot ដោយមិនបានដឹងជាមុន ធ្វើឱ្យបាត់បង់ទិន្នន័យដែលមិនបាន save ។ បន្ទាប់មកនៅតែបន្ដ reboot កុំព្យូទ័រលោកអ្នកមិនឱ្យធ្វើអ្វីបាន ហើយឆាប់ៗនោះ កុំព្យូទ័រអ្នកនឹងឈប់ដំណើរការអ្វីទាំងអស់ ។
សម្រាប់វិធីក្នុងការដោះស្រាយបញ្ហាទាំងអស់ខាងលើនេះសូមមើលក្នុងទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញខែ កក្កដា ២០១១ ត្រង់ទំព័រទី ១៨ ដល់ ២៥
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា