For Android device For iOS device

វិច្ឆិកា

អតីតសិស្សឆ្នើម៣ រូប នៃវិទ្យាល័យអេយូភីភី​ចូលរួម​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក​ឆ្នាំ​២០២៣ (World Robot Olympiad 2023

អតីតសិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពីវិទ្យាល័យអេយូភីភី (AUPP High School-Foxcroft Academy) ចំនួន ៣រូប បាន​សម្រេច​នូវ​សមិទ្ធិផលដ៏អស្ចារ្យ​ក្នុង​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​កម្ពុជា ២០២៣ ដែល​បាន​បញ្ចប់​កាលពីខែតុលា ឆ្នាំ​២០២៣ កន្លងមក ។ សិស្សឆ្នើមទាំង ៣រូបរួមមាន សំ វឌ្ឍនៈ ស្រេង ឆាយលី និង តែ សេងឡុង បានទទួលបានចំណាត់​ថ្នាក់​លេខ១ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ​ក្នុង​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​កម្ពុជា ២០២៣ (WRO Cambodia 2023) ដែល​បាន​រៀបចំ​ឡើងដោយអង្គការស្ទែម​កម្ពុជា ។

គួរ​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០២២ ក្រុមប្អូនៗ សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង តំណាង​ឲ្យ​ប្រទេស​កម្ពុជា បានទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អន្តរជាតិ ដែល​មាន ៣៦៥ ក្រុម (កម្ពុជា​មានតែ១ក្រុម) មកពី ៧៣​ប្រទេស​ នៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២២ (World Robot Olympiad 2022) ដែល​ប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់ ។

​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ០៩ វិច្ឆិកា ២០២៣ នេះ​ពួកគេ (សំ វឌ្ឍនៈ ស្រេង ឆាយលី និង តែ សេងឡុង) បានតំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៣ (World Robot Olympiad 2023) ​ដែល​មាន ៤៥១ ក្រុម (កម្ពុជា​មានតែ១ក្រុម) ៧៧ ប្រទេស​ចូលរួម បានប្រព្រឹត្តទៅនៅ ទីក្រុងប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា ។

ទេពកោសល្យ និង​សមត្ថភាព​ពិសេស​របស់ វឌ្ឍនៈនិងក្មួយៗ​ ក្នុង​វិស័យរ៉ូបូត និង​បច្ចេកវិទ្យា​មិនត្រឹមតែជាជោគជ័យ និងមោទកភាព​សម្រាប់​ក្រុមគ្រួសារ សាលានិងជាពិសេ​ស​សម្រាប់​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះទេ តែបានក្លាយជាការលើកទឹកចិត្ត និងជាគម្រូដល់យុវជន​ជំនាន់​ក្រោយ​ដែល​ចាប់អារម្មណ៍លើវិស័យនេះ​ផងដែរ ។

សំ វឌ្ឍនៈ​ដែល​ជាប្រធានក្រុមបាននិយាយថា បញ្ហា​ប្រឈមធំ​សម្រាប់​ពួកគេ​គឺមានពេលវេលាត្រឹម១ខែ មុនការទៅប្រកួតនៅ ប្រទេស​ប៉ាណាម៉ា ដើម្បី​ធ្វើការ រចនា បង្កើត ពិសេស​លើការ​សរសេរ​កូដ ដើម្បី​ឲ្យ​រ៉ូបូតមាន​សមត្ថភាព​បញ្ញាសិប្បនិម្មិត (AI)

ក្រៅពីត្រៀមខ្លួន ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ វឌ្ឍនៈនិងក្មួយៗ មាន​បំណង​បង្ហាញ​ពី​សមត្ថភាព​ផ្នែក បច្ចេកវិទ្យា និង​ភ្ជាប់​ទំនាក់ទំនងជាមួយសិស្សានុសិស្ស​ដទៃ​ទៀត​មកពី​ជុំវិញពិភពលោក ។ ​សម្រាប់​អ្នកទាំងបី ជំនាញទាំងនេះ គឺជា​ស្ពាន​សម្រាប់​ឲ្យ​ប្អូនៗ ខិតខំ​ប្រឹងប្រែងបន្តទៀតនាពេលអនាគត  ​នៅពេល​ដែល​ប្អូនៗ​មាន​បំណង​ចាប់យកអាជីព​ផ្នែក មេកាត្រូនិច វិស្វកម្ម និងវិទ្យាសាស្ត្រ​កុំព្យូទ័រ ។

ជា​ចុងក្រោយ ក្មួយៗ​តំណាងក្រុម RO-BOAT សូមថ្លែងអំណរគុណក្រសួងទូគមនាគមន៍និងប្រៃសណីយ៍ ដែល​ផ្ដល់​នូវ​ការគាំទ្រ លើកទឹកចិត្ត ឧបត្ថម្ភក្រុម RO-BOAT កម្ពុជា បានចេញទៅប្រកួតនៅ​ប្រទេស​អាឡឺម៉ង់កាលពី​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ នៅ​ប្រទេស​ប៉ាណាម៉ា ក្នុង​គោលដៅលើកទឹកចិត្តដល់សិស្សានុសិស្សនិងយុវជន​ឲ្យ​មានការចាប់អារម្មណ៍លើជំនាញ​បច្ចេកវិទ្យា​កាន់តែ​ច្រើន ។

សូមអរគុណ AUPP High School - Foxcroft Academy ដែល​បាន​បញ្ចូល​កម្មវិធី STEAM ធ្វើ​ឲ្យ​សិស្សបានស្វែងយល់ និងមានឱកាស​បង្ហាញ​ពីទេពកោសល្យរបស់ខ្លួនលើការប្រកួតប្រជែង​ក្នុង​សាលា រហូត​ដល់ឆាក​អន្តរជាតិ ។

Phone: +855 23 902 111/ +855 77 584 797 Website: www.aupphs-fa.edu.kh

ក្មួយៗ ក៏​មិនភ្លេចអរគុណលោកគ្រូអ្នកគ្រូនិង​ថ្នាក់​ដឹកនាំ​នៅ CADT ​ដែល​ផ្ដល់​ទីកន្លែង រោងជាងនិង​សម្ភារ​ៈពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាលពួកយើង​ខ្ញុំ​មុននឹងចេញទៅប្រកួតនៅ ប្រទេស​ប៉ាណាម៉ា

→ ដកស្រង់ចេញពី https://www.facebook.com/sam.kakada "គួរ​រម្លឹក​ផងដែរ កាលពី៥​ឆ្នាំ​មុន វឌ្ឍនៈទើបអាយុ បាន១៣​ឆ្នាំ ហើយបាន​សិក្សា​មុខវិជ្ជាចំនួន៣នៅ​ថ្នាក់​បណ្តុះបណ្តាលបច្ចេក វិទ្យាអាន-ANT គឺ Programming C/C++, HTML script និងភាសា Programming C# ។ លុះពេលវឌ្ឍនៈចូលរៀន AUPP High School - Foxcroft Academy ដោយមាន​កម្មវិធី​សិក្សា​ល្អៗ​និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅ​ថ្នាក់​ទី១១ វឌ្ឍនៈក៌មាន​បំណង​ចង់​បង្កើត Robot ដើម្បី​ប្រកួតប្រជែងនៅ​ក្នុង​សាលានិង​ថ្នាក់​ជាតិតាមលំដាប់លំដោយ ដោយ​ខ្ញុំ​ជាប៉ារបស់គេបានជ្រោមជ្រែង បង្ហាត់បង្រៀនកូដ Python និង​បច្ចេកវិទ្យា AI ផងដែរ ។ ដោយភាពច្នៃប្រឌឹតនិងការតាំងចិត្តប្រកបដោយមហិច្ឆតាចង់​ចូលរួម​ប្រកួតលំដាប់​អន្តរជាតិ វឌ្ឍនៈរួមទាំងមិត្តភក្តិជិតស្និតចំនួនពីរអ្នកទៀត​ដែល​សុទ្ធតែជាសិស្សឆ្នើមនៅ AUPPHS-FA គឺក្មួយ គង់ ប៊ុនថុង (ជាអតីតសិស្ស​ធ្លាប់​រៀននៅ ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT មុខវិជ្ផា C/C++ & HTML script) និងក្មួយ ស្រេង ឆាយលី បាន​បង្កើត​ក្រុមមួយ​ឈ្មោះ​ថា RoBoat និងចាប់ផ្ដើម​បង្កើត Robot ដោយមាន​បញ្ចូល​នូវ​បញ្ញាសិប្បនិម្មិត AI ដើម្បី​ចូលរួម​ប្រកួតជម្រុះ​ថ្នាក់​ជាតិ WRO 2022 ដោយទទួលបានជ័យលាភីបន្តការប្រកួត WRO 2022 ជម្រុះពិភពលោកនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់ ហើយថ្មីៗ​នេះ​ក៏​បានបន្តការប្រកួត WRO 2023 នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា ដែល​ជាការប្រកួតលើកទីពីរ​ផងដែរ ។ រាល់ Robots ដែល​ក្រុម RoBoat កម្ពុជា​យើងបាន​ចូលរួម​គឺសុទ្ទតែបានបំពាក់​នូវ​បច្ចេកវិទ្យា AI ផងដែរ ។ "

សូមសំណាងល្អកើតមានដល់ក្រុម​កម្ពុជា​យើង គឺក្រុម RoBoat

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា