ធ្នូ
លីលីមិនស្គាល់អ្វីទៅជា IT បច្ចុប្បន្នក្លាយជាសហស្ថាបនិករបស់...
→ គិតត្រឹម ខែមករា ឆ្នាំ ២០២៣ ជា Operation Director at CheckinMe
តាមរយៈបទសម្ភាសន៍ជាមួយយុវតីរូបនេះបានឲ្យដឹងថា “ខ្លួននាងផ្ទាល់មិនដែលទាំង គិតសោះថានឹងចាប់យកជំនាញ IT សូម្បីតែបន្ថិច” ហើយនាងបានបន្តទៀតថា តាំងពីតូចមកក្ដីស្រមៃរបស់នាងគឺចង់ក្លាយខ្លួនជាឪសថការីមួយរូប ប៉ុន្ដែដោយសារតែជីវភាពគ្រួសារ ដូច្នេះ ហើយបានសម្រេចចិត្តរៀនផ្នែកបច្ចេកវិទ្យាវិញ ។
ក្រឡេកមកមើលបច្ចុប្បន្ននេះ ចៅ ជិញលីលី បានវិវដ្តខ្លួនពីមនុស្សដែលមិនយល់អ្វីសោះជា IT ប្រែក្លាយខ្លួនជាសហស្ថាបនិកមួយរូបរបស់ PAPA Deliver និង CheckinMe ។
♦ ការសិក្សានៅទីក្រុងភ្នំពេញ
មានឈាមជ័រជាអ្នកបន្ទាយមានជ័យ លីលី បានទទួលអាហារូបករណ៍រយៈពេល៤ឆ្នាំពី វិទ្យាស្ថានជាតិ NIPTICT បច្ចុប្បន្នប្តូឈ្មោះជា Cambodia Academy of Digital Technology - CADT លើជំនាញពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) នៅក្នុងទីក្រុងភ្នំពេញ ។ ដោយសារតែខ្លួននៅខ្វះខាតមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា លីលី បានសម្រេចចិត្តចូលរៀន ជំនាញខ្លីបន្ថែមទៀត នៅសាលាបណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT (ANT Technology Training Center) ដោយចាប់យកមុខវិជ្ជា HTML, CSS, Bootstrap អស់រយៈពេលជិតមួយឆ្នាំ ។
♦ បញ្ហាប្រឈមក្នុងការសិក្សា
ដោយសារតែខ្លួនជាស្រ្តីម្នាក់នៅលើវិស័យបច្ចេកវិទ្យា វាពិតជាមានផលលំបាកខ្លាំងណាស់ ។ ជាទូទៅមហាជនជាច្រើនគិតថា IT គឺជាជំនាញផ្ដាច់មុខរបស់មនុស្សប្រុសតែប៉ុណ្ណោះ ។ លើសពីនេះទៀត ការសិក្សាលើបច្ចេកវិទ្យានេះ គឺទាមទារឲ្យមានការអនុវត្តជាប្រចាំថ្ងៃ និងទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ រូមជាមួយនឹងការសិក្សាស្រាវជ្រាវដោយខ្លួនឯងផងដែរ ។
♦ តើមូលហេតុអ្វីបានជាក្រុមរបស់ប្អូន បង្កើតបច្ចេកវិទ្យាមួយនេះ?
ដោយសង្កេតឃើញថា៖ បងៗម្ចាស់អាជីវកម្មពិបាកក្នុងការបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង ហើយការបង្កើតបច្ចេកវិទ្យាក៏មានតម្លៃថ្លៃផងដែរនោះ ។ ក្រុមរបស់យើងក៏សម្រេចចិត្ត បង្កើតបច្ចេកវិទ្យាទំនើបមួយនេះឡើង ដែលមានតម្លៃធូរថ្លៃក្នុងការជួយដល់ម្ចាស់អាជីវកម្ម ក្នុងស្រុក ដើម្បីងាយស្រួលធ្វើការប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនបរទេសផ្សេងៗទៀត ។ បច្ចុប្បន្ននេះយើងមានភ្នាក់ងារដឹកជញ្ជូនជិត ២០ក្រុមហ៊ុនមានដូចជា ដឹក KH, Quick Delivery, NC Delivery, SALY V.I.P, ជាច្រើនទៀតដែលកំពុងតែប្រើប្រាស់បច្ចេកវិទ្យារបស់យើង និងមានប្រមាណជាង២០ក្រុមហ៊ុនទៀតដែលកំពុងតែធ្វើការចរចារ ។
→ យោងតាមពិសោធន៍របស់លីលីផ្ទាល់បានបញ្ជាក់ថា៖
ការសិក្សាលើបច្ចេកវិទ្យាគឺផ្ដោតសំខាន់លើការអនុវត្តន៍ច្រើន និងរួមផ្សំនូវការសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត ដើម្បីបង្កើននូវចំណេះដឹងទ្វេដង ។ ហើយការមិនចេះកុំព្យូទ័រនៅវិទ្យាល័យមិនមែនជាបញ្ហានោះទេ សម្រាប់អ្នកដែលចង់សិក្សាលើមុខជំនាញបច្ចេកវិទ្យានេះ ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា