តុលា
ស្វែងរកពីអ្វីដែលខ្លួនឯងចូលចិត្ត រួចព្យាយាមឲ្យអស់ពីសមត្ថភាព
♣ ដោយអតីតសិស្ស សុវត្តិ វិតាល់ ធ្លាប់រៀនវគ្គសិក្សា៖ ១. C/C++, ២. PHP+MySQL, ៣. C# Beginning , ៤. C# Database
♦ ខ្ញុំបាទឈ្មោះ សុវត្តិ វីតាល់អតីតជាអ្នកអភិវឌ្ឍន៍កម្មវិធី ទូរស័ព្ទដៃ ប្រព័ន្ធប្រតិបត្តិការ iOS ក្រុមហ៊ុន កូដីងហ្គីតថេកណូឡូជី (Codingate Technology)
♦ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២២ មានតួនាទីជា Associate, Mobile Application Developer (Native iOS Developer) នៅ ធនាគារ Chip Mong Bank
កាលពីប៉ុន្មានឆ្នាំមុន ក្រោយពីខ្ញុំបានបញ្ចប់ការប្រលងសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយជោគជ័យសិស្សជាច្រើនរួមទាំងខ្ញុំផងដែរនោះ ត្រូវធ្វើនូវការសម្រចចិត្តមួយ គឺការជ្រើសរើសមុខជំនាញ សិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ។ មានសំណួរជាច្រើនដែលខ្ញុំបានសួរ មកកាន់ខ្លួនឯងថា តើខ្ញុំគួរតែជ្រើសរើសរៀននៅមុខវិទ្យាអ្វី ? ហើយតើខ្ញុំត្រូវធ្វើអ្វីបន្តនៅថ្ងៃអនាគត ?
សម័យកាលកាន់តែជឿនលឿនបច្ចេកវិទ្យា ក៏បានដើរតួនាទីយ៉ាងសំខាន់ ស្ទើរគ្រប់វិស័យនៅក្នុងការអភិវឌ្ឍន៍សង្គម ។ ក្នុងនាមខ្ញុំជាក្មេងប្រុសម្នាក់ដែលមានចិត្តស្រលាញ់ និងចូលចិត្តបច្ចេកវិទ្យាតាំង តែពីកុមារភាពនោះ ក៏បានសម្រេចចិត្តជ្រើសរើសមុខជំនាញមួយ ដើម្បីបន្តការសិក្សា នោះគឺវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ ស្របពេលជាមួយគ្នាផងនោះ ក៏មានសំណួរជាច្រើនទៀត បានចោតសួរខ្ញុំថា ហេតុអ្វី បានជាខ្ញុំជ្រើសរើសរៀននូវមុខវិជ្ជាមួយនេះ ? ហេតុដូចនេះខ្ញុំសូមធ្វើការចែករំលែកនូវចំណុច៤សំខាន់ៗ ដែលជម្រុញទឹកចិត្តខ្ញុំឲ្យជ្រើសរើសនូវមុខជំនាញមួយនេះហើយអាចបន្តរដំណើរមកដល់សព្វថៃ្ង ។
១. ការសម្រេចចិត្តដោយចេញពីការស្រលាញ់ និងពេញចិត្ត
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការដែលយើងធ្វើការសម្រេចចិត្ត ដែលកើតចេញពីការស្រលាញ់ និងពេញចិត្តនោះ គឺមានន័យថា យើងបានធ្វើការសម្រេចចចិត្តដោយខ្លួនឯង នៅក្នុងការកំណត់លើជោគវាសនារបស ខ្លួនទៅថ្ងៃអនាគត ។ ដូចនេះអ្នកទាំងអស់គ្នា អាចធ្វើការចំណាយពេលបន្តិច ដើម្បីស្វែងយល់ពីខ្លួនឯង ថាតើអ្វីដែលខ្លួនឯងចង់ធ្វើ ឬសម្រេចទៅថ្ងៃអនាគត ។ សូមឲ្យការសម្រេចចិត្តមួយនោះ គឺជាការសម្រេចចិត្តដោយមិនមានសម្ពាធហួសកំណត់ពីសំណាក់ ក្រុមគ្រួសារ ឬឥទ្ធិពលទាំងស្រុងពីមិត្តភក្តិ ។ ការជ្រើសរើសជំនាញ មួយឲ្យច្បាស់លាស់ ក៏ជាផ្នែកមួយនៅក្នុងការសម្រេចចិត្តនេះផងដែរ ។ វិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា ហាក់បីដូចជាមានភាពទូលំទូលាយបន្តិចសម្រាប់និស្សិតនៅក្នុងការជ្រើសរើស ។ នៅក្នុងនោះផងដែរមានមុខវិជ្ជាជាច្រើនដូចជា ផ្នែកអភិវឌ្ឍន៍គេហទំព័រ ផ្នែកអភិវឌ្ឍន៍ កម្មវីធីទូរស័ព្ទ ផ្នែកដំឡើងប្រព័ន្ធ រួមទាំងផ្នែកផ្សេងៗទៀតជាច្រើន ។ ចំពោះខ្ញុំផ្ទាល់ក៏បានជ្រើសរើសនូវជំនាញមួយគឺ ផ្នែកអភិវឌ្ឍន៍កម្មវីធីទូរស័ព្ទដែលខ្ញុំបានរកឃើញថា ខ្ញុំបានចូលចិត្ត និងស្រលាញ់ ទៅលើមុខវិជ្ជានេះលើសមុខវិជ្ជាផ្សេងៗ ។ បន្ទាប់មកទៀតខ្ញុំក៏បាន ធ្វើការសិក្សាកាន់តែស៊ីជម្រៅ បន្ថែមទៅលើផ្នែកនេះ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យខ្ញុំទទួលបាននូវការងារមួយ ដែលខ្ញុំធ្លាប់បានស្រមៃនៅពេលកំពុងសិក្សា ។
២ ការសិក្សាបន្ថែម ទៅលើជំនាញដែលខ្លួនពេញចិត្ត
ការសិក្សាតែនៅក្នុងសាលាមួយមុខ មិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺតម្រូវឲ្យយើងព្យាយាម បន្ថែមនៅក្នុងការសិក្សាដោយខ្លួនឯង និងស្រាវជ្រាវបន្ថែមផងដែរ ។ ប្រព័ន្ធ internet ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសិក្សាបន្ថែមនេះ ។ ជាមួយនឹងឯកសា ដែលគ្មានដែនកំណត់ ព្រមទាំង Video បង្រៀនយ៉ាងច្រើនបានបន្ថែមឲ្យខ្ញុំ នូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមជាច្រើនទៀត ។ ម្យ៉ាងវិញទៀត ក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្រៅម៉ោងសិក្សាជាច្រើនក៏ជាផ្នែកមួយនៅក្នុងការសិក្សាបន្ថែមផងដែរ ។ នៅពេលដែលខ្ញុំបានសិក្សានៅក្នុងឆ្នាំទី៣ ខ្ញុំបានស្គាល់ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT (ANT Technology Training School) ហើយខ្ញុំក៏បានធ្វើការសិក្សាទៅលើមុខវិជ្ជាមួយចំនួន បន្ថែមដូចជា C/C++, C# Beginner Level, C# Advanced Level និង PHP+MySQL ។ ការខិតខំបង្រៀនបូករួម ជាមួយ និងការចែករំលែកយ៉ាងយកចិត្តទុកដាក់ពី សំណាក់លោកគ្រូអ្នកគ្រូបានក្លាយជាកម្លាំងចលករ មួយដែលធ្វើឲ្យខ្ញុំព្យាយាមអស់ ពីសម្មតិភាព នៅក្នុងការធ្វើការងារ ដែលលោកគ្រូបានដាក់ឲ្យ ក៏ដូចជាការបញ្ចប់នូវកិច្ចការទាំងឡាយដែលលោកគ្រូបានដាក់ឲ្យធ្វើ ឬស្រាវជ្រាវបន្ថែម ។ ការធ្វើកិច្ចការទាំងអស់នោះហើយ បានធ្វើឲ្យខ្ញុំមានឱកាសនៅក្នុងការស្រាវជ្រាវបន្ថែម ដែលធ្វើឲ្យខ្ញុំយល់កាន់តែ ច្បាស់អំពីបច្ចេកទេស ទ្រឹស្តី ក៏ដូចជាការអនុវត្តផងដែរ ។ ការសិក្សាទាំងនោះហើយបានធ្វើ ឲ្យខ្ញុំមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ បន្ថែមនៅក្នុងការឈានទៅចាប់យក ក៏ដូចជាសិក្សាទៅលើមុខវិជ្ជាដទៃទៀត ។
៣. ការមិនបោះបង់ក្តីស្រមៃ បើទោះបីជាស្ថិតក្នុងការលំបាន ឬបរាជ័យ
វាជាការពិតមួយ ដែលមិនអាចជៀសផុត នៅក្នុងជីវិតដែលយើងជួបប្រទះ នូវការបរាជ័យក៏ដូចជា ឧបសគ្គមួយចំនួន នៅលើដងវិធី ដើម្បីឆ្ពោះទៅកាន់ក្តីស្រមៃរៀងៗខ្លួន ។ ចំពោះខ្ញុំផ្ទាល់ក៏ដូចគ្នានេះផង ដែរខ្ញុំក៏បានជួបប្រទះនូវរឿងរ៉ាវមួយចំនួន ដូចជាការប្រលងធ្លាក់ ឬ ការធ្វើកិច្ចការឲ្យលោកគ្រូអ្នកគ្រូ មិនបានជោគជ័យព្រមទាំងការលំបាកមួយចំនួនទៀត ។ ប៉ុន្តែកាលដែលអ្នកទាំងអស់គ្នា មានគោលដៅ និងក្តីស្រមៃមួយច្បាស់លាស់ វាបានធ្វើឲ្យយើងមិនវង្វេង នៅតាមផ្លូវដែលឆ្ពោះទៅកាន់គោលដៅនោះឡើយ ។ ដូចនេះហើយ ការដែលជ្រើសរើសអ្វីមួយដោយច្បាស់លាស់ មិនថាទៅលើមុខវិជ្ជាអ្វីនោះទេ វាបានដើរតួននាទីយ៉ាងសំខាន់ ។ បន្ថែមពីនេះទៅទៀតសូមកុំឲ្យ ការភ័យខ្លាច ឬការបរាជ័យ ទាំងនោះធ្វើជារនាំង ដើម្បីរារាំងនិង បិទបំបាំងអ្នកទាំងគ្នាឲ្យសោះ ។ រាល់មេរៀនទាំងអស់នេះហើយ គឺជាផ្នែកមួយដែលបានធ្វើឲ្យខ្ញុំធ្វើដំណើររហូតមកដល់ពេលនេះ ។
៤. ការចាប់យកជំនាញមួយដោយច្បាស់លាស់
ចំពោះខ្ញុំការជ្រើសរើសយកជំនាញណាមួយ ឲ្យច្បាស់លាស់ហើយសិក្សាទៅលើវាឲ្យបានស៊ីជម្រៅពិតជាមានអត្ថប្រយោជន៍ជាច្រើន ។ ខ្ញុំសូមលើកជាឧទាហរណ៍មួយនៅពេលដែលអ្នកទាំងអស់គ្នា បានសិក្សាច្បាស់ទៅលើបច្ចេកវិទ្យា ឬក៏មុខវិជ្ជាបច្ចេកទេសណាមួយឲ្យច្បាស់ ហើយនោះអ្នកទាំងអស់គ្នា ពិតជាអាចឈោងទៅចាប់យកមុខជំនាញណាមួយផ្សេងទៀត ដែលមានភាពស្រដៀង ដោយងាយស្រួល ឧទាហរណ៍ដូចជាការចាប់រៀនភាសានៅក្នុងការអភិវឌ្ឍ កម្មវីធីណាមួយជាដើម ។
ជាចុងក្រោយ ខ្ញុំក៏សូមជូនពរទៅដល់ប្អូនៗទាំងអស់ឲ្យទទួលបានជោគជ័យនៅក្នុងការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងអាចជ្រើសរើសនូវជំនាញសិក្សាមួយដែលខ្លួនឯងស្រលាញ់ ហើយព្យាយាម ឲ្យអស់ពីសម្មតិភាព ដើម្បីក្លាយជាធនធានមនុស្ស ដ៏សំខាន់ម្នាក់នៅក្នុងសង្គម ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា