For Android device For iOS device
១០
ឧសភា

៣​ចំណុច​ក្នុង​ការពង្រឹងគុណភាពសិស្ស

អត្ថាធិប្បាយដោយលោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT

ការខ្វះខាតការយកចិត្តទុកដាក់​ទៅលើ​និស្សិត​របស់ខ្លួន ភាពមិនមាន​សមត្ថភាព​របស់​និស្សិត​ក្រោយ​បញ្ចប់​ការ​សិក្សា ការអ​សមត្ថភាព​ និង បទពិសោធន៍របស់គ្រូ ភាពមិនគ្រប់​លក្ខណៈ​នៃទីធ្លា ក៏​ដូចជា​បរិស្ថានសាលា ។ ល ។ ទាំងអស់​នេះយើងគ្រប់​គ្នា​តែងតែបាន​ឮ​ពីការរិះគន់ជា​ច្រើន​ពីអាណាព្យាបាល​ក៏​ដូចជា​ក្រុមហ៊ុន និង អង្គការនានាអំពី​បញ្ហា​នេះ ។

ប៉ុន្ដែ​ខ្ញុំ​ក៏​សង្កេតឃើញមាន​សាកលវិទ្យាល័យ​មួយចំនួន​ក៏​ខិតខំ​លើកទឹកចិត្ត​និស្សិត​របស់ខ្លួន​តាមរយៈ​ការបញ្ចុះ​តម្លៃ​សិក្សា ឬ​ក៏​មានរង្វាន់លើកទឹកចិត្តផ្សេងៗ​សម្រាប់​សិស្ស​ដែល​រៀនពូកែ ។ ទាំងនោះ​វាពុំមែនជាការគ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​ហៅថាពង្រឹងគុណភាព​និស្សិត​នៅឡើយទេ បើសិនជា​គ្មាន​ការប្ដេជ្ញាចិត្ត និង បង្ហាញ​ពីសកម្មភាពរបស់សិស្ស​និស្សិត ឬ ពីមហាវិទ្យាល័យ​ក្នុង​គោលដៅក្រេបយក និង ផ្សព្វផ្សាយ​ចំណេះដឹង​ដ៏ពិតប្រាកដនោះ ។

វិទ្យាល័យ មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក៏​ដូចជា​ស្ថាប័នអប់រំត្រូវតែធ្វើអ្វីម្យ៉ាង​​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​នោះមានភាពកក់ក្ដៅ និងមានទំនុកចិត្តពីអនាគតរបស់​ពួកគេ​ក្រោយពី​បញ្ចប់​ការ​សិក្សា ជា​ពិសេស​យើងសង្កេតឃើញសិស្ស​និស្សិត​មួយចំនួនធំយកការរៀនរបស់ខ្លួនចាត់ទុកជា បេសកម្មបង្រ្គប់កិច្ច​សម្រាប់​យកសញ្ញាប័ត្រ និង ពេល​ប្រលង​ម្ដងៗ​គឺជាពេលវេលានៃការហ្វឹកហាត់កែវភ្នែក​សម្រាប់​អក្សរដ៏តូចៗ​នៃការបើកមើលឯកសារតែប៉ុណ្ណោះ ។

និយាយជារួមទៅមុននឹងយើងឆ្លើយ​ឲ្យ​ប្រាកដថា តើ​និស្សិត​មាន​សមត្ថភាព​គ្រប់គ្រាន់ ឬ​អត់ក្រោយពី​ពួកគេ​បញ្ចប់​ការ​សិក្សា​? យើងគួរ​ពិនិត្យ​ថាតើ​សាកលវិទ្យាល័យ​នានាបានឆ្លើយតបជាវិជ្ជមាន​សម្រាប់ ៣​ចំណុច​ខាងក្រោម​នេះហើយ ឬ​នៅ?

​ចំណុច​ទី១ ការជំរុញ និង លើកទឹកចិត្តពីសាលា ឬ​ស្ថាប័នអប់រំ

ភាពជិតស្និទ្ធ និង ការយកចិត្តទុកដាក់របស់សាលា​ទៅលើ​និស្សិត​ គឺជារឿង​ដែល​ចាំបាច់ត្រូវមានហើយសាលា​នីមួយៗ​គួរតែមាន​កម្មវិធី​ជាញឹកញាប់ និង ជាប្រចាំ​ក្នុង​ការធ្វើ​ឲ្យ​មាន​កម្មវិធី​ប្រកួតប្រជែង​នូវ​ស្នាដៃរបស់​និស្សិត​ជាមួយនឹង​ការ​ផ្ដល់​​ឲ្យ​​នូវ​រង្វាន់កិត្តិយស និង ការផ្សព្វផ្សាយ​ឲ្យ​បានទូលំទូលាយពីស្នាដៃរបស់​ពួកគេ​ទោះបីជាស្នាដៃដំបូងនោះមាន​កម្រិត​ទាបនៅឡើយ​ក៏​ដោយ ការធ្វើបែបនេះ​មានន័យថា​យើងធ្វើ​ឲ្យ​​ពួកគេ​រវល់ទៅនឹង​ការងារ​ក៏​ដូចជា​ការបណ្ដុះគំនិត​ស្រាវជ្រាវ​របស់​ពួកគេ ។

​ចំណុច​ទី២ ទម្លាក់​ការរៀនសូត្រជាក្រុម ឬ​ចែក​រំលែក​ចំណេះដឹង​

ការបណ្ដុះគំនិត​ឲ្យ​​និស្សិត​ចេះសហការ​គ្នា ចេះរួម​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា ចេះជួយ​គ្នា​ទៅវិញទៅមកវាជារឿងមួយដ៏ល្អ​ក្នុង​ការ​សិក្សា ក៏​ដូចជា​ការរស់នៅ​ក្នុង​សង្គម ។ ពាក់ព័ន្ធទៅនឹង​ចំណុច​ទី១ សាលាត្រូវចេះ​បង្កើត​កម្មវិធី​និស្សិត​បង្រៀន​និស្សិត ការធ្វើបែបនេះសាលានឹងមានឱកាស ២​យ៉ាង​ក្នុង​ការជំរុញទឹកចិត្ត​និស្សិត ទីមួយសាលាបាន​ផ្ដល់​ឱកាស​ការងារ​ដល់​និស្សិត​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ចំណេះដឹង​របស់គេ​ទៅលើ​ការបង្រៀនដល់​និស្សិត​ដែល​រៀនខ្សោយ ដែល​នេះជាបទពិសោធន៍មួយ​សម្រាប់​ពួកគេ​មុននឹង​បញ្ចប់​ការ​សិក្សា​ដែល​សាលាត្រូវតែ​ផ្ដល់​​ឲ្យ​​នូវ​លិខិតសរសើរ ប្រាក់​ម៉ោង និង រង្វាន់ បញ្ជាក់​ពីភាព​ខិតខំ​របស់​ពួកគេ ។ ទីពីរ សាលាបានយកចិត្តទុកដាក់ និង បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការធ្វើ​ឲ្យ​​និស្សិត​របស់ខ្លួនមាន​សមត្ថភាព និង ពុំមានគំនិតធុញទ្រាន់ ឬ អស់​សង្ឃឹម​ក្នុង​ការ​សិក្សា ។ ដូច្នេះតើ​ចំណុច​ទីពីរនេះមានអនុវត្តន៍ជា​ទូទៅ​ហើយ ឬ​នៅពីមហាវិទ្យាល័យដ៏​ច្រើន​សម្បូរ​បែប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ?

ក្រៅពីបណ្ដុះគំនិត​ស្រាវជ្រាវ សាលាត្រូវធ្វើ​ឲ្យ​​ពួកគេ​មានគំនិត​ក្នុង​ការ​បង្កើត​ផែនការ​សម្រាប់​ជីវិតក្រោយពី​បញ្ចប់​ការ​សិក្សា ធ្វើ​ឲ្យ​គេយល់ពីអត្ថប្រយោជន៍នៃជំនាញរបស់​ពួកគេ ។ ដូច្នេះតើ​ចំណុច​ទីមួយនេះមានអនុវត្តន៍ជា​ទូទៅ​ហើយ ឬ​នៅពីមហាវិទ្យាល័យដ៏​ច្រើន​សម្បូរ​បែប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

​ចំណុច​ទី៣ មិនគួរគិតពីពាណិជ្ជកម្មជាង​សមត្ថភាព​

ការមានមហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ច្រើន វាជារឿងមួយ​ដែល​យើងស្វាគមន៍ ដោយឈរលើហេតុផល ពង្រីកធនធានមនុស្ស ក៏​ប៉ុន្ដែវាត្រូវតែមានការវាស់វែងមួយដ៏ជាក់លាក់ និង ជា​ទូទៅ​ដល់មហាវិទ្យាល័យ​នីមួយៗ​ទៅលើ​កម្មវិធី​សិក្សា និង កំណត់​​ឲ្យ​មាន​កម្មវិធី​គោលមួយ​សម្រាប់​ជំនាញ នីមួយៗ​​ឲ្យ​បានជាក់លាក់ជាជាងការ​កំណត់​ទៅតាម​ការនឹកឃើញរបស់ព្រឹទ្ធបុរស ឬ​សាកលវិទ្យាធិការ ដោយពឹងផ្អែកលើថវិការ និង កម្រិត​សមត្ថភាព​គ្រូ​ដែល​ខ្លួនមាន នេះជារឿងមួយ​ដែល​ប៉ះពាល់​ទៅលើ​គុណភាពរបស់សិស្ស ។  ការចង់បានបរិមាណសិស្សពីមហាវិទ្យាល័យនានា នឹង​តម្រូវ​​ឲ្យ​មានការអនុគ្រោះគ្រប់បែប​យ៉ាង​ដល់​និស្សិត និង ការយក​តម្លៃ​សិក្សា​ទាបហួសហេតុពេក វាជាមូលហេតុនៃការកាត់​បន្ថយ​ការ​ចំណាយ​លើ​ឧបករណ៍ ពិសោធន៍ ពុំមានខ្ទង់​ចំណាយ​សម្រាប់​ការលើទឹកចិត្តពីការប្រកួតប្រជែង និង ពិព័រណ៍ស្នាដៃ​និស្សិត និង មានការកាត់​បន្ថយ​ប្រាក់​កម្រៃ​សម្រាប់​គ្រូ ឬ បើកប្រាក់បៀរត្សន៍មិនទៀងទាត់ ដូច្នេះនឹងធ្វើ​ឲ្យ​មហាវិទ្យាល័យ នោះពុំមាន​លទ្ធភាព​ក្នុង​ការទទួលបានគ្រូ​ដែល​មាន​សមត្ថភាព និង បទពិសោធន៍​គ្រប់គ្រាន់បង្រៀនដល់​និស្សិត របស់ខ្លួនឡើយ ដែល​ទី​បំផុត​សាលានឹងទទួលបានគុណភាពសិស្សរបស់ខ្លួនគឺ សិស្សពូកែ​ក្នុង​ចំណោម​សិស្សខ្សោយ ។ ដូច្នេះតើ​ចំណុច​ទីបីនេះវាមាន ឬ​អត់ ?

ជា​ចុងក្រោយ​ខ្ញុំ​សូមអភ័យទោស​ផងដែរ បើសិនជាការបកស្រាយ​ខាងលើ​វាមាន​ចំណុច​ខ្វះខាត ឬ​ក៏​ប៉ះពាល់ ដោយអចេតនា ដោយ​ផ្នែក​ណាមួយ​នៃការបញ្ចេញទស្សនៈរបស់​ខ្ញុំ​ចំពោះមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ មួយចំនួន ប៉ុន្ដែទោះបីជា​យ៉ាង​ណា​ក៏​ដោយ​គ្មាន​មហាវិទ្យាល័យ និង សាកលវិទ្យាល័យ ឬ​វិទ្យាស្ថានអប់រំ ណាមួយ​ចង់​ឲ្យ​​និស្សិត​របស់ខ្លួនអ​សមត្ថភាព​ឡើយ ហើយ​ក៏​ចង់បានភាពល្បី និង កិត្តិយសដូចៗ​គ្នា ។

 

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០២ ប្រចាំខែ សីហា ឆ្នាំ ២០០៨

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា