មិថុនា
តើអ្នកណាខ្លះកំពុងលួចប្រើ internet របស់អ្នក?
យើងបានដឹងរួចមកហើយថា Wifi គឺជាបច្ចេកវិទ្យាមួយប្រភេទដែលអាចឲ្យយើងប្រើប្រាស់ Internet ជាលក្ខណៈឥតខ្សែបានយ៉ាងលឿន និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរទៅកាន់ ទីតាំងណាមួយក៏បាន ឲ្យតែនៅក្នុងបរិវេណដែលមានរលកសញ្ញារបស់ Wifi នោះ ។ យ៉ាងណាមិញ ការប្រើប្រាស់ Wifi នៅតែអាចប្រឈមជាមួយនឹងបញ្ហាមួយចំនួន ជាពិសេសគឺការលួចប្រើប្រាស់ប្រព័ន្ធ Wifi ពីអ្នកប្រើប្រាស់ផ្សេងទៀត ដោយយើងមិនអាចកំណត់បាន នូវអត្តសញ្ញាណរបស់បុគ្គលនោះបាន ព្រោះគេអាចស្ថិតនៅក្នុងបរិវេណណាមួយ ដែលមានរលកសញ្ញារបស់ Wifi ទៅដល់ទីតាំងទាំងនោះ ។ ដូចនេះ ដើម្បីជៀសវាងនូវបញ្ហានេះ អ្នកដែលមាន Wifi ប្រើប្រាស់ផ្ទាល់ខ្លួនតែងតែធ្វើការកំណត់ នូវលេខកូដសម្ងាត់ ដើម្បីការពារការភ្ជាប់ទៅកាន់ប្រព័ន្ធ Wifi នោះពីសំណាក់អ្នកប្រើប្រាស់ផ្សេងទៀត ដែលយើងមិនស្គាល់ ក៏ ប៉ុន្តែ ប្រសិនបើពួកគេព្យាយាម Hack ឬក៏ធ្វើការទាយនូវ លេខសម្ងាត់ដែលយើងបានកំណត់ ទៅលើប្រព័ន្ធ Wifi នោះពួកគេនៅតែអាច log ចូលទៅប្រើប្រាស់ប្រព័ន្ធនោះបានដដែល ។
ជាមួយនឹងកម្មវិធី SoftPerfect Wifi Guard ជាកម្មវិធីមួយដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្ដិការ Windows វាមានតួនាទី Scan Network និងបង្ហាញឲ្យយើងឃើញ នូវរាល់ឧបករណ៍ទាំងឡាយណា ដែលត្រូវបានភ្ជាប់ទៅកាន់ Network របស់យើង ដោយវានឹង ធ្វើការ ping ទៅកាន់ឧបករណ៍ទាំងនោះ រួចវានឹងបង្ហាញព័ត៌មានផ្សេងៗតាមរយៈការ ping ត្រឡប់មកវិញ ។ ជាងនេះទៅទៀត នៅពេលដែលមានឧបករណ៍ណាមួយ មកធ្វើការភ្ជាប់មកកាន់ Network របស់យើង កម្មវិធីមួយនេះនឹងផ្ដល់ដំណឹងតាមរយៈការបង្ហាញ notification របស់កម្មវិធីនេះនៅលើ Screen កុំព្យូទ័រ ។
ខាងក្រោមនេះ គឺជាផ្ទាំង Interface របស់ SoftPerfect Wifi Guard ដែលវានឹងធ្វើការ Scan Network របស់យើងដោយស្វ័យប្រវត្តិ នៅពេលដែលយើងចាប់ផ្តើមដំណើរការកម្មវិធីនេះ ឬក៏យើងអាច Scan វាជាថ្មីម្តងទៀតដោយចុចទៅលើ ប៊ូតុង Scan Now ដែលមាននៅលើ Interface របស់កម្មវិធីនេះស្រាប់ ។ នៅពេលការ Scan ត្រូវបានបញ្ចប់នោះ យើងនឹងឃើញនូវព័ត៌មានផ្សេងៗអំពីឧបករណ៍ដែលបានភ្ជាប់មកកាន់ Network របស់យើង ជាមួយនឹង IP Address, Mac Address, RTT, Name, និង Info ។ ចំពោះឧបករណ៍ ដែល Network របស់យើង ស្គាល់ នោះវានឹងបង្ហាញនូវ ចំណុចពណ៌បៃតងមួយនៅខាងមុខ ផ្ទុយទៅវិញចំពោះឧបករណ៍ដែលមិនស្គាល់គឺវានឹងបង្ហាញនូវ ចំណុចពណ៌ក្រហមនៅខាងមុខវិញ ។
ប្រសិនបើមាន ឧបករណ៍មិនស្គាល់ណាមួយ ភ្ជាប់មកកាន់ Network របស់យើង នោះវានឹងបង្ហាញ Notification ដូចរូបភាពខាងក្រោម៖
ចំពោះការប្រើប្រាស់ Setting នៅក្នុង Application មួយនេះយើងអាចជ្រើសរើសនូវ Default Network Adapter ណាមួយ ហើយអាចកំណត់នូវ Scanning Option ដោយអនុញ្ញាតឲ្យយើងធ្វើការ Scan Network ដែលមានឧបករណ៍ភ្ជាប់មកបានរហូតដល់ ៣២ ក្នុងពេលតែមួយ ក៏ដូចជាការកំណត់ពេល ដើម្បីឲ្យកម្មវិធីធ្វើការ Scan ដោយខ្លួនឯង តាមពេលណាមួយដែលយើងបានកំណត់ ។ យើងអាចកំណត់រយៈពេលចាប់ពី ១នាទី រហូតដល់ ៦០នាទី ដើម្បីឲ្យវាធ្វើការ Scan Network ម្តង ។ លើសពីនេះសម្រាប់ UI Behavior ក៏មាន Option ខ្លះឲ្យយើងជ្រើសរើសបានដែរ ដូចជា ៖
· When minimize show in the notification area: បង្រួមការបង្ហាញ Notification នៅលើ Screen
· Start automatically with the operating system: ដំណើរការកម្មវិធីដោយស្វ័យប្រវត្តិ នៅពេលកុំព្យូទ័រចាប់ផ្តើមដំណើរការ
ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែអាចកំណត់ឲ្យកម្មវិធីនេះស្គាល់ជាមួយឧបករណ៍ណាមួយ ដែលវាមិនទាន់ស្គាល់ ព្រោះអាចមានឧបករណ៍ ឬក៏កុំព្យូទ័រមួយចំនួនដែលយើងស្គាល់ច្បាស់ និងប្រាកដថាវាត្រូវបានប្រើប្រាស់ដោយនរណាម្នាក់ដែលយើងបានស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធ Wifi របស់យើង ។ ដើម្បីធ្វើបែបនេះយើងគ្រាន់តែ ចុចលើព័ត៌មានរបស់ឧបករណ៍ណាមួយដែលបានបង្ហាញនៅក្នុង list រួចហើយចុចលើប៊ូតុង Properties ដែលមាននៅលើ Interface របស់កម្មវិធី នោះវានឹងបង្ហាញយើងនូវផ្ទាំងដូចខាងក្រោម ៖
ចុងក្រោយយើងគ្រាន់ធីកទៅលើ option មួយគឺ I know this computer or device ហើយប្រសិនបើយើងចង់វាយបន្ថែមនូវព័ត៌មានខ្លះៗ ទាក់ទងទៅនឹងឧបករណ៍នោះ យើងអាចវាយបាននៅក្នុង Text Area ដែលមាននៅខាងក្រោម Your Comment បន្ទាប់មកចុច OK ដើម្បីរក្សានូវព័ត៌មានដែលយើងបានបញ្ចូល ។
បញ្ជាក់ ៖ កម្មវិធីនេះក៏អាចប្រើប្រាស់បានជាមួយប្រព័ន្ធ Network ដែលប្រើប្រាស់ជាលក្ខណៈមានខ្សែបានដែរ ហើយវាអាចដំណើរការបាននៅក្នុង Windows ទាំង 32 bit និង 64 bit សម្រាប់ Windows XP, Vista, Windows 7 និង Windows 8 ៕
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៩ សម្រាប់ខែ មីនា ឆ្នាំ២០១៣
*** Software និងវីឌីអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា