For Android device For iOS device
២៨
តុលា

បង្កើត​ឯកសារជា​សំឡេង​ចេញពីអត្ថបទ​របស់អ្នក​ក្នុង Mac OS X

វាពិតជាអស្ចារ្យ​នូវ​លក្ខណៈ​ពិសេស​ដែល​មាន​ជាមួយនឹង Mac OS X ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក អាចកាត់យកមួយ​ផ្នែក ឬ ទាំងស្រុង​នូវ​អត្ថបទជាអក្សរ រួច​បំលែង​វាជា file សំឡេង​ដែល​លោកអ្នក​អាចចាក់ស្តាប់ តាមរយៈ​កម្មវិធី iTunes ឬ កម្មវិធី​ផ្សេងៗ​ទៀត​ប្រភេទ sound player ជាហេតុ​ឱ្យ​លោកអ្នក​អាច ថត​ចម្លង​វាទៅកាន់​ឧបករណ៍​ផ្សេងៗ​ទៀតបានដោយងាយ ជាពិសេស​ដូចជា iPhone, iPad, iPod Touch ឬ ក៏​ចាក់ស្តាប់​នូវ​អត្ថបទនោះនៅ​ក្នុង កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ OS ផ្សេងៗ​ទៀតក្រៅពី Mac OS ដូចជា Windows Linux Android ។ ល ។

ប៉ុន្តែ​ជាធម្មតា​លក្ខណៈ​ពិសេសនេះ នៅ​ក្នុង Mac OS X Snow Leopard វាមិនបាន​បង្ហាញ​ឱ្យ​លោកអ្នក​បានឃើញ នោះទេ ដែល​តម្រូវ​ឱ្យ​លោកអ្នក​ធ្វើការ​បើក ឬ បង្កើត service នេះដោយខ្លួនឯង ដែល​ចំណុច​នេះវានឹងបើក ឬ មានដោយស្វ័យប្រវត្តិនៅ​ក្នុង Mac OS X Lion (​ជំនាន់ 10.7) ដែល​នឹងចេញ​ក្នុង​ពេលដ៏ខ្លី​បំផុត​ខាងមុខនេះ ឬ អាចថាវាបានចេញរួចហើយ​ក៏​ថាបាន​ក្នុង​ខណៈពេល ដែល​លោកអ្នក​កំពុង​អានអត្ថបទនេះ ។

ខ្ញុំនឹង​បង្ហាញ​លោកអ្នក​ពីរបៀបនៃការ​បង្កើត service ឬ អត្ថប្រយោជន៍នេះរបស់ Mac OS X វានឹងមិនសាំញាំពេកនោះទេ ហើយ​លោកអ្នក​នឹង​ប្រើ​ប្រាស់​វាជារៀង​រហូត​ក្រោយពី service នេះបាន​បង្កើត វានឹងមិនចាំបាច់ត្រូវធ្វើវាម្តងទៀតឡើយ ហើយ​លោកអ្នក​នឹងទាញបាន​នូវ​អត្ថប្រយោជន៍នេះ ក្នុង​ការទទួលបាន​នូវ​អត្ថបទ​សំឡេង ចេញពីសៀវភៅ​ដែល​មាន​ច្រើន​ទំព័របានផងដែរ ។

  • ជំហានទី១៖

​លោកអ្នក​ត្រូវបើក​កម្មវិធី Automator ដែល​មាននៅ​ក្នុង Applications folder សូមមើលរូប S01

បន្ទាប់ពី Automator ដំណើរ​ការ​លោកអ្នក​នឹងបានឃើញដូចរូប S2

សូមចុច​ទៅលើ​ប៊ូតុង Open an Existing Workflow...

បន្ទាប់ពីនេះសូមចូលទៅកាន់ folder និង ជ្រើសរើស service មួយមាន​ឈ្មោះ​ថា Add to iTunes as a Spoken Track.workflow ដូចរូប S03


ក្រោយពីចុច Open លោកអ្នក​នឹងបានដូចរូប S04

  • ជំហ៊ានទី២៖
ការ​បង្កើត automator workflow មុននឹង​លោកអ្នក​បង្កើត​ការងារ​នេះអ្នកត្រូវដឹង ពីគោល​បំណង​របស់យើងជាមុន​សិនថាតើយើងត្រូវធ្វើអ្វីខ្លះ? ពេលនោះយើងនឹងអាច​កំណត់​ដំណាក់​កាលវាបានហើយ​លោកអ្នក​នឹងដឹងថា ទិសដៅ​ការងារ​របស់នឹងចេញពីទីណា? បើយើងមើល​ទៅលើ​រូប S04 ដែល​ជា service  ដើមរបស់ Mac OS X ក្នុង​ការ​បំលែង​អត្ថបទទៅជា file សំឡេង យើងឃើញថាសកម្មភាពទី១ គឺនឹងចាប់យកអត្ថបទ​ដែល​បាន​ជ្រើសរើស (selected) ពី​ក្នុង​កម្មវិធី​ណា​ក៏​ដោយ រួច​បញ្ចូន អត្ថបទនោះទៅកាន់ “Text to Audio File” ដែល​ជាសកម្មភាពទី២ សកម្មភាពនេះវានឹង​កំណត់​ឈ្មោះ file សំឡេង​ដែល​ត្រូវ​បង្កើត​ហើយរក្សាទុក​ក្នុង​ Music folder ។ ធាតុពិតគឺអ្នកអាចផ្លាស់ប្តូរទីតាំង និង ​ប្រភេទ​សំឡេង​បានផងដែរ ចំណែក​ឈ្មោះ file វានឹង save ទៅតាម​ការកំនត់​របស់អ្នក (​ក្នុង​រូបគឺ Text to Speech គឺជា​ឈ្មោះ file ដែល​ត្រូវ save) ប៉ុន្តែ​យើងនឹងពិភាក្សាវាតាមក្រោយ​សម្រាប់​លទ្ធភាពអាច​ឱ្យ​យើងផ្លាស់ប្តូរ​ឈ្មោះ​ file នេះស្រេចចិត្ត ។ សកម្មភាពលេខ៣គឺជាការ​បញ្ចូន file សំឡេង​នេះទៅកាន់​កម្មវិធី​ iTunes រួច iTunes នឹងបញ្ចូលវាទៅកាន់ Playlist ។ ប៉ុន្តែ​យើងនឹងកែរប្រែ service នេះឡើងវិញដោយខ្លួនឯង ដើម្បី​អាច​ឱ្យ​យើងដាក់​ឈ្មោះ​ file សំឡេង​ដែល​ត្រូវ save តាមចិត្តចង់ ។ ​ដំណាក់​កាលនេះ​លោកអ្នក​ត្រូវ​បន្ថែម action មួយចំនូនទៅកាន់ workflow ខាងលើ (ប្រហែលជា​តម្រូវ​ឱ្យ​លោក​អ្នកត្រួវចុច​ទៅលើ Show Library icon ដែល​ស្ថិតនៅ​ផ្នែក​ខាងលើប៉ែកខាង​ឆ្វេង​សូមមើលរូប S04 ខាងលើ) ពេលនោះ​លោកអ្នក​នឹងបានឃើញដូចរូប S05 ដែល​បង្ហាញ​នូវ list នៃ actions ដែល​អាច​ប្រើ​សម្រាប់​បង្កើត workflow ក្នុង automator ។

ឥឡូវនេះ​លោកអ្នក​ត្រូវ​ជ្រើសរើស Set Value of Variable action ដោយ​ស្វែងរក​មើលពាក្យនេះពី list actions ស្ថិតនៅ​ផ្នែក​ខាង​ឆ្វេង​សូមមើលរូប S06


រួចចាប់អូសវាទៅកាន់​ផ្នែក​ខាងស្ដាំដោយដាក់ពីលើ Text to Audio File action សូមមើលរូប S07

 Set Value of Variable គឺជាសកម្មភាពមួយនៃការ​បង្កើត​អថេរនិងការ​ផ្តល់​ទិន្នន័យ​ទៅ​ឱ្យ​អថេរនោះ យើង​បង្កើត​វាខណៈនេះគឺ​សម្រាប់​ផ្ទុក​នូវ​អត្ថបទ​ដែល​បាន​ជ្រើសរើស ដើម្បី​អានជា​សំឡេង ។ ដូច្នេះវានឹង​តម្រូវ​ឱ្យ​យើង​ធ្វើការ​បង្កើត​អថេរ ដោយ​គ្រាន់តែ​ចុច​ទៅលើ​ពាក្យ New variable… រួចដាក់​ឈ្មោះ​អថេរ​ដែល​នឹង​បង្កើត​ ​ក្នុង​ឧទាហរណ៍នេះដាក់​ឈ្មោះ​ថា “Choose the text” សូមមើលរូប S08
រួចចុច done នឹងបានដូចរូប S09

បន្តពីនេះ​ជ្រើសរើស Ask for text 
action ពី​ក្នុង list របស់ action ដែល​ ស្ថិតនៅ​ផ្នែក​ខាង​ឆ្វេង​ សូមមើលរូប S10 រួចអូសវាទៅដាក់ ​ផ្នែក​ខាងស្ដាំក្រោម Set Value of Variable សូមមើលរូប S11  

នៅ​ក្នុង​ប្រអប់ Question សូមបញ្ចូលពាក្យ “ដាក់​ឈ្មោះ file” ព្រមទាំងធីក​ក្នុង​ប្រអប់ Require an answer ។ នេះគឺជាសកម្មភាព​ដែល​នឹងសួរ​តម្រូវ​ឱ្យ​យើងត្រូវដាក់​ឈ្មោះ file សំឡេង​ដែល​ត្រូវ save ជាចាំបាច់ ។ ចុច mouse ខាងស្ដាំលើពាក្យ Ask for Text រួចជ្រើសយកពាក្យ Ignore Input មើលរូប S12 ។ បន្តពីនេះ​បង្កើត Set Value of Variable ម្តងទៀត ដោយដាក់នៅពីក្រោម Ask for Text មើលរូប S13 ។

វាជាការ​បង្កើត​ឡើង​សម្រាប់​ផ្ទុក​នូវ​ឈ្មោះ file

​ដែល user បានបញ្ចូល ។ ដូច្នេះយើងត្រូវចុចលើ

New variable… ដូចគ្នានឹងអ្នកធ្លាប់បានធ្វើខាងលើ

រួចដាក់​ឈ្មោះ​ថា “Name” ដូចរូប S13

 រូបទី១៣
ឥឡូវនេះគឺជាពេល​ដែល​លោកអ្នក​ត្រូវ​បង្កើត Get Value of Variable action 
ដើម្បី​ទាញយក​អត្ថបទ​ដែល​បានរក្សាទុក​ក្នុង​អថេរ Choose the text ដែល​អ្នកបាន​បង្កើត​ខាងលើ សូមមើលរូប S14 
រួចជ្រើសយកពាក្យ Choose the text និងចុច mouse ស្ដាំលើពាក្យ Get Value of Variable បន្ទាប់ចុចយកពាក្យ Ignore Input ។

នៅ​ក្នុង​ប្រអប់ Save As របស់ Text to Audio File ត្រូវវាយពាក្យ Name សូមមើលរូប S15
ដែល​ជា​ឈ្មោះ​អថេរបាន​បង្កើត​ខាងលើ នេះ​បញ្ជាក់​ថា file សំឡេង​នឹងត្រូវ save ដូចគ្នានឹង​ឈ្មោះ​ដែល user បានដាក់ ។

 អស្ចារ្យ​លោកអ្នក​បាន​បង្កើត​ service នេះចប់សព្វគ្រប់ហើយ ប៉ុន្តែ ដើម្បី​រក្សាទុក service នេះ​ក្នុង Mac OS X លោកអ្នក​ត្រួវតែ Save As វាជាមួយ​ឈ្មោះ​ដូចរូប S16

ឥឡូវនេះ​លោកអ្នក​អាចសាកល្បង service ដែល​ទើបបាន​បង្កើត​នេះ វា​ដំណើរ​ការ ឬ ក៏​អត់ដោយគ្រាន់
តែបើក​នូវ​អត្ថបទណាមួយ ឬ ក៏ website ណាមួយបន្ទាប់មក select លើ​ផ្នែក​នៃអត្ថបទនោះ រួចចុច mouse ស្ដាំ 
​លោកអ្នក​នឹងបានឃើញពាក្យថា ANT Spoken Track សូមមើលរូប S17 ។

រួចចុចលើ ANT Spoken Track អ្នកនឹងបានឃើញ​នូវ​ប្រអប់​សំណួរ​សូមបញ្ចូល​ឈ្មោះ file ដែល​ត្រូវ Save ជា file
​សំឡេង​ក្នុង ឧទាហរណ៍នេះគឺខ្ញុំដាក់​ឈ្មោះ​ថា “mytextsound” ដូចរូប S18 ។

​កម្មវិធី iTunes នឹងបើកឡើង ដើម្បី​អាច​ឱ្យ​លោកអ្នក​ចាក់ស្តាប់​នូវ file សំឡេង​ដែល save ការអានចេញពីអត្ថបទ​ដែល​បាន​ជ្រើសរើស​សូមមើលរូប S19 ។

អ្នកអាច copy វាចេញពី folder Music ដូច​បង្ហាញ​ក្នុង​រូប S20 ទៅកាន់​ឧបករណ៍​ផ្សេងៗ ឬ ក៏​បំលែង​ទៅជា​ទម្រង់ MP3 ឬ​ផ្សេងទៀតតាមចិត្តចង់ ។ ពិតជាអស្ចារ្យ Mac OS X លោកអ្នក​ងាយ​បំផុត​ក្នុង​ការ​បំលែង​អត្ថបទទាំងស្រុង ទៅជា សំឡេង​ដែល​អាចចាក់ផ្សាយគ្រប់ទីកន្លែង ។

** សូមមើល video ពីការ​បង្កើត service នេះ​ដែល​មាន​ភ្ជាប់​ក្នុង CD ច្បាប់ទី២៩

** ដកស្រង់ចេញពីទស្សនាវដ្តីអាន -ANT ច្បាប់ទី ២៩ ប្រចាំខែសីហា ២០១១



មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា