ពិសា​ស៊ុត​ឆ្អិន​ ប្រសើរ​ជាង​ឆៅ

ប្រ​សិន​ចង់អោយ​បាន​រាង​កាយ​មាំមួន​ ខួរក្បាល​ល្អ​ ការ​ចង​ចាំ​ល្អ​ ស៊ុតមាន់​ ឬ​ស៊ុតទា​អាច​ជួយ​បាន​ ។​
​ស៊ុត​ក្រហម​ :​ ជា​ប្រភព​ជីវជាតិ​អាហារ​ដ៏​កំពូល​ ព្រោះ​ប្រមូលផ្តុំ​ដោយ​វីតាមីន​ A​ ,​ D,​ E,​ ស៊ុ​ល​ហ្វូ​រ​ (Sulphur)​ ប៉ូ​តា​ស្យូ​ម​ កាល់​ស្យួ​ម​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ជីវជាតិ​ដែក​ ។​ដោយសារ​គុណប្រយោជន៍​ទាំងនេះ​ហើយ​ ទើប​អ្នកឯកទេស​ ចំណីអាហារ​ តែងតែ​យក​ស៊ុត​ ជា​ស្តង់ដារ​ ក្នុង​ការ​ត្រួតពិនិត្យ​ប្រូតេអ៊ីន​ របស់​អាហារ​ផ្សេងៗ​ ។​
​ស៊ុត​ស​ :​ ក្នុង​ស៊ុត​ស​ មាន​អាស៊ី​ដ​អា​មី​ណូ​ ដែល​សំខាន់​ចំពោះ​រាង​កាយ​គ្រប់​ប្រភេទ​ ។​ក្នុង​១​ថ្ងៃ​ រាង​កាយ​ត្រូវការ​កូ​លេ​ស្តេ​រ៉ូ​ល​ ពី​អាហារ​មិន​លើស​ ៣០០​ម​.​ក្រ​ ប៉ុន្តែ​ស៊ុតមាន​កូ​លេ​ស្តេ​រ៉ូ​ល​ពី​ ១៤៦-២៣២​មិ​ល្លី​ក្រាម​ ដែល​ចា​ត៉​ទុក​ថា​ខ្ពស់​។​
​អ្នកជំនាញ​ផ្នែក​អាហារ​ បាន​កំណត់​ថា​ ទារក​អាយុ​៥​ខែ​ ឡើង​ទៅ​ រហូត​ដល់​វ័យ​ជំទង់​និង​វ័យ​ធ្វើការ​ អាច​ទទួលទាន​ស៊ុត​បាន​រាល់ថ្ងៃ​ ក្នុង​១​ថ្ងៃ​ ១​គ្រាប់​។​ចំណែក​មនុស្ស​វ័យចាស់​ ឬ​មនុស្ស​ដែល​មាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ បរិភោគ​ស៊ុត​បាន​១​ស​ប្តា​ហ៍​ ៣​គ្រាប់​។​
​ប៉ុន្តែ​ក្នុង​ការ​ពិសា​ស៊ុត​ គួរ​ចំអិន​អោយ​ឆ្អិន​ មិន​គួរ​ពិសា​ឆៅ​ទេ​ ។​មនុស្ស​ខ្លះ​ និយម​ពិសា​ស៊ុត​ឆៅ​ព្រោះ​ជឿ​ថា​ អាច​បំប៉ន​រាង​កាយ​បាន​ល្អ​ជាង​ ប៉ុន្តែ​តាម​ពិត​ នេះ​ជា​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​ ។​នៅ​ក្នុង​ស៊ុត​ឆៅ​ មាន​ប្រូតេអ៊ីន​ អា​វី​ឌី​ន​ ដែល​នឹង​ទៅ​រាំង​ខ្ទប់​ មិន​អោយ​ស្រូប​យក​វីតាមីន​ បណ្តាល​អោយ​ត្រូវ​បាត់បង់​ប្រយោជន៍​ល្អៗ​ពី​ស៊ុត​ និង​អាហារ​ផ្សេងៗ​ ដែល​ពិសា​ចូល​ទៅ​ ។​ប៉ុន្តែ​ប្រ​សិន​យក​ទៅ​ធ្វើ​អោយ​ឆ្អិន​ជា​មុន​ ប្រូតេអ៊ីន​ អា​វី​ឌី​ន​ នឹង​ត្រូវ​អស់​ប្រ​សិ​ទ្ឋ​ភាព​ ។​
​ក្រៅពី​នេះ​ក្នុង​ស៊ុត​ឆៅ​ អាច​មាន​មេរោគ​លាយឡំ​ជាមួយ​ ពេល​ពិសា​ទៅ​មេរោគ​អាច​មានឱកាស​ វាយលុក​ចូល​រាង​កាយ​បាន​ ។​ ដូច្នេះ​ពិសា​ស៊ុត​ឆ្អិន​ ប្រសើរ​ជាង​ឆៅ​ ៕

យោបល់ចំពោះអត្ថបទនេះ