សាបព្រោះអីបានហ្នឹង
បុរស"ក"ជាមនុស្សអស្ចារ្យ ផលិតផលដែលចេញពីដៃរបស់គេ បើមើលដោយភ្នែកធម្មតាគ្មានអ្នកណាដឹងថា"ជារបស់ក្លែងក្លាយ"ឡើយ ។ព្រោះតែហេតុដូច្នេះទើបអតិថិជនរបស់បុរស"ក"មានកាន់តែច្រើន តាំងពីអ្នកត្រូវការប័ណ្ណបើកបរ ដោយមិនបាច់ប្រលង (ព្រោះសមត្ថភាពអន់ពេក ប្រលងមិនជាប់) រហូតដល់អ្នកអត់ខំរៀនសូត្រ គិតតែដើរលេង តែចង់បានសញ្ញាបត្រ ជាន់ខ្ពស់ ។ ពួកគេទាំងនោះអោយតែមករក បុរស"ក"ហើយហ៊ានចំនាយប្រាក់ច្រើន នឹងបានសំរេចបំណង ចង់បានសញ្ញាប័ត្រអីក៏បាន ។ ថ្ងៃមួយបុរស"ក"កំពុងធ្វើដំណើរដោយថ្មើរជើងសំដៅហាងគុយទាវឆ្ងាញ់ ដែលនៅមិនឆ្ងាយប៉ុន្មាន ស្រាប់តែពុំដឹងអារន្ទះបាញ់មួយណា បើករថយន្តឡើងចិញ្ចើមថ្នល់ បុកពីក្រោយ បណ្តាលអោយរូបគេ ប៉ើងពី៤ទៅ ៥ម៉ែត្រ ទើបធ្លាក់ចុះវិញ ហើយបែកមុខឈាមជោកខ្លួន ។ មុនពេលសន្លប់ បុរស"ក"ប្រឹងមើលមុខអ្នកបើករថយន្ត បុកទាំងកំរោលនោះ ក៏ស្គាល់ច្បាស់ថាជាអតិថិជន ធ្លាប់កុម្មង់ខ្លួនធ្វើប័ណ្ណបើកបរ ព្រោះប្រលងបើកបរប៉ុន្មានដង មិនជាប់សោះ ។លុះដឹងខ្លួនវិញបុរស"ក"ឃើញខ្លួននៅក្នុងបន្ទប់វះកាត់ របស់មន្ទីរពេទ្យមួយ ដោយមានវេជ្ផបណ្ឌិតមួយក្រុមកំពុងត្រៀមធ្វើការវះកាត់ ។ មើលមុខលោកវេជ្ផបណ្ឌិតមេក្រុមវះកាត់ នៅពេលនោះបុរស"ក"ឃើញដូចជាធ្លាប់ស្គាល់នៅឯណាម្តង ។ខំឈ្លេចខួររកនឹកមួយសន្ទុះ
ទីបំផុតគេក៏នឹកឃើញច្បាស់ គឺជា ភ្ញៀវចាស់ របស់ខ្លួនដែលបានកុម្មង់ខ្លួនធ្វើ"សញ្ញាបត្រវេជ្ផបណ្ឌិត"ប្រហែលជាង១ឆ្នាំមុន ។វេជ្ផបណ្ឌិតប្រធានក្រុមវះកាត់ រូបនោះជាសមាសភាព"ជើងល្អ"កូនអ្នកមានប្រាក់ មានអំណាច ម្តាយឳពុករត់ការអោយបានចូលរៀនសាលាពេទ្យ តែរៀនបានពាក់កណ្តាលក៏ឈប់ ព្រោះមួយថ្ងៃៗសប្បាយតែ រឿងប៉ោឡែស្រីញី ម្ល៉ោះហើយឳពុកម្តាយ ខំដោះស្រាយទិញសញ្ញាបត្រ វេជ្ផបណ្ឌិតក្លែងក្លាយអោយកូន និងជះលុយទាំងថង់ៗដោះស្រាយអោយកូនមានឈ្មោះជាវេជ្ផបណ្ឌិតឯកទេសខាងវះកាត់ទៀត ។ បុរស"ក"តក់ស្លុតស្រែកក្នុងពោះម្នាក់ឯង"ព្រះអើយព្រះ! កម្មខ្ញុំតាមទាន់ហើយ ... សាបព្រោះអីទទួលផលហ្នឹងមែន ។ អាអ្នកដែលខ្ញុំធ្វើប័ណ្ណបើកបរអោយវា វាបើករថយន្តបុកខ្ញុំ អាអ្នកដែលខ្ញុំធ្វើសញ្ញាបត្រវេជ្ផបណ្ឌិតអោយវា វាមកវះកាត់ខ្ញុំ ។ ជីវិតខ្ញុំ ៩៩.៩៩ភាគរយ ត្រូវចប់ក្នុងដៃអាវេជ្ផបណ្ឌិតអេតចាយរូបនេះហើយ!"។
មួយម៉ោងក្រោយ លោកវេជ្ផបណ្ឌិតមេក្រុមវះកាត់ បើកទ្វារបន្ទប់ដើចេញក្រៅ និយាយជាមួយសាច់ញាតិបុរស"ក"ដែលកំពុងរង់ចាំដំណឹង លទ្ឋផលសង្គ្រោះបន្ទាន់ យ៉ាងអន្ទះអន្ទែង៖
លោកវេជ្ផបណ្ឌិត ,,, សុំទោស! ពួកខ្ញុំប្រឹងប្រែងអស់សមត្ថភាពហើយ តែគាត់ ...
ដូច្នេះជីវិតមនុស្សអស្ចារ្យខាងធ្វើសំបុត្រ ស្នាមក្លែងក្លាយ ទីបំផុតត្រូវចប់បែបនេះឯង ៕