សត្វចេះធ្វើការគ្រប់យ៉ាង
បុរសម្នាក់ដើរចូលកន្លែងលក់សត្វចិញ្ចឹម សួររកទិញសត្វ ដែលចេះធ្វើការគ្រប់យ៉ាងតាមបញ្ផាម្ចាស់។អ្នកលក់គិតបន្តិចរួចតប ,,,
អ្នកលក់៖ ខ្ញុំមានឆ្កែមួយក្បាលឈ្មោះឡាក់គី ។វាជាសត្វឆ្លាតបំផុត លោកត្រូវការវាទេ?
អ្នកទិញ៖ (គ្រវីក្បាល) អត់ទេ សត្វឆ្កែទោះឆ្លាតយ៉ាងណា ក៏មិនអាចចេះធ្វើការគ្រប់ការងារដែរ ។
អ្នកលក់៖ បើលោកមិនត្រូវការឆ្កែទេ ទិញឆ្មាទៅ (អ្នកលក់លើកបង្ហាញ)។ឆ្មានេះឈ្មោះនៀវ វាពូកែជាអាឡាក់គីទៅទៀត។
អ្នកទិញ៖ ឆ្មាក៏ខ្ញុំមិនត្រូវការដែរ។ ឆ្មា និងឆ្កែប្រហាក់ប្រហែលតែគ្នា សុទ្ឋតែពួកមិនអាចធ្វើការគ្រប់យ៉ាងបាន។ ខ្ញុំត្រូវការសត្វផ្សេង។
អ្នកលក់៖ ឧទាន ! អូ បើអ៊ីចឹងប្រហែលទាល់តែក្អែបឈ្មោះ ឆាលីហើយ ។អាឆាលីពូកែណាស់ មិនចាញ់មនុស្សទេ ស្អីក៏វាធ្វើបានដែរ។
និយាយរួចម្ចាស់ហាងយកទ្រុងមួយ បង្ហាញអោយភ្ញៀវមើល ដោយក្នុងនោះមានក្អែបមួយក្បាលកំពុងដេកស្ងៀម ។បុរសអតិថិជនបើកភ្នែកធំៗ៖
អ្នកទិញ៖ ខ្ញុំពិតជាស្មានមិនដល់ថា ក្អែបអាចធ្វើការងារបានគ្រប់យ៉ាងដូចមនុស្សសោះ ។ប៉ុន្តែលោកធានាអញ្ចឹងទៅហើយខ្ញុំព្រមទិញទៅចុះ ។
ពេលនាំក្អែបមកដល់ផ្ទះ របស់ខ្លួនបុរសនោះប្រាប់ថា៖
បុរស៖ ឆាលី !សំអាតផ្ទះបាយទៅ !
បន្ទាប់ពីបញ្ផាក្អែបរួច គាត់អង្គុយលេងប្រហែល ៣០នាទី ក៏ទៅមើលផ្ទះបាយ ។អ្វីដែលធ្វើអោយគាត់ភ្ញាក់ផ្អើលបំផុត គឺនៅផ្ទះបាយស្អាតគ្រប់យ៉ាងទាំងអស់ តាំងពីចាន ឆ្នាំង ស្លាបព្រា ត្រូវបានលាងនឹងសាប៊ូ ព្រមទាំងជូតរលោកស្រិល ទាំងកំរោលផ្ទះទៀត សោតក៏គ្មានធូលី សូម្បីមួយគ្រាប់ ។ឃើញដូច្នេះម្ចាស់ផ្ទះសាកល្បងបញ្ផាទៀត៖
បុរស៖ អើ ផ្ទះបាយប៉ុណ្ណឹងទុកថា គ្រាប់បើហើយ ឥឡូវទៅសំអាតបន្ទប់ទទួលភ្ញៀវទៀត ។
មិនយូរប៉ុន្មានបន្ទប់ទទួលភ្ញៀវមិនខុសពីផ្ទះបាយឡើយ គ្រប់យ៉ាងស្អាតភ្លឹងទាំងអស់ ។បុរសម្ចាស់ផ្ទះកាន់តែភ្ញាក់ផ្អើលមែនទែន នឹកក្នុងចិត្ត៖"មួយជីវិតយើងមិនដែល សត្វណាពូកែដល់ម្លឹងទេ។"កុំថាឡើយវាថ្លៃត្រឹមប៉ុន្មានរយដុល្លា ទោះបី ១០ម៉ឺនដុល្លាក៏នៅតែថោក ។យើងគួរសាកល្បងប្រើវា ធ្វើការផ្សេងម្តង ចាំមើលថាធ្វើបានល្អអឹចឹងដែរឬអត់?"គិតឃើញដូច្នេះរួចគាត់បញ្ផាទៀត៖
នែ! ឆាលី ទៅផ្សារទិញកាសែតមួយច្បាប់មកមើល
បន្ទាប់ពីឆាលីចេញទៅ គាត់អង្គុយចាំអានកាសែតដោយនឹកថា នឹងបានកាសែតអានក្នុងពេលឆាប់ៗ តែចាំហើយចាំទៀត ចាំអស់ ២០នាទី រួចឡើងដល់ ៣០នាទី ចុងក្រោយដល់ ៤៥នាទី នៅតែមិនទាន់ឃើញឆាលីត្រឡប់មកវិញ ពុំដឹងមានរឿងអ្វីកើតឡើង បានជាវាទៅយូរដល់ម្លឹង ។ទីបំផុតគាត់ទ្រាំចាំទៀតលែងបាន ក៏សំរេចចិត្តទៅតាម ដឹងអីចេញផុតបន្តិចស្រាប់តែ ឃើញឆាលីកំពុងនៅក្បែរមាត់ទ្វានៅឡើយ ។គាត់បើកភ្នែកធំៗសួរ៖
យីអើ! ៤៥នាទីហើយម៉េចឯងមិនទាន់ទៅទៀត ។
ក្អែប៖ (ឆ្លើយទាំងរបៀបក្តៅក្រហាយ) សន្សឹមៗបានទេ? ខ្ញុំកំពុងពាក់ស្បែកជើង ៤៥នាទីខ្ញុំពាក់ស្បែកជើងមិនទាន់បានពាក់កណ្តាលផង លោកម្ចាស់មើលមិនឃើញទេ?