មួយលានដុល្លា
ក្នុងម៉ោងហាត់តែងសេចក្តី អ្នកគ្រូប្រាប់សិស្សអោយសរសេរពីកម្រងរៀងៗខ្លួន ក្រោមប្រធានបទ"តើត្រូវធ្វើអ្វីនៅពេលមានប្រាក់មួយលានដុល្លា?"។ សិស្សក្នុងថ្នាក់ អោនសរសេរគ្រប់ៗគ្នា វៀរលែងតែសិស្សឈ្មោះ សុខ អត់សរសេរអ្វីទាំងអស់ មិនតែប៉ុណ្ណោះ ថែមទាំងកេះកៀវប្រឡែងរំខានគេទៀត ។
មួយម៉ោងកន្លងផុត អ្នកគ្រូដើរប្រមូល អត្ថបទតែងសេចក្តីរបស់សិស្ស ។ ពេលនោះសុខហុចក្រដាស សមួយសន្លឹក ជូនអ្នកគ្រូជាមួយកាយវិការធម្មតា ដូចជាអត់មានរឿងអី កើតឡើងសោះ ។ អ្នកគ្រូសម្តែងអាការៈមិនសប្បាយចិត្ត បើកភ្នែកធំៗសួរ៖
អ្នកគ្រូ៖ នែ! បានសេចក្តីថាម៉េចហ្នឹងសុខ ។ គេឯងទៀតម្នាក់ៗ សរសេរយ៉ាងតិច១ទំព័រ ខ្លះរហូតដល់ ២ទៅ៣ទំព័រ ចុះប្អូនឯងម៉េចអត់មានសរសេរមួយអក្សរណាអ៊ីចឹង?
សុខ៖ ខ្ញុំអត់មានគម្រោងផង តើអោយខ្ញុំសរសេរពីអីទៅ? បើខ្ញុំមានមួយលានដុល្លាមែន ខ្ញុំដេកស៊ីទាល់តែអស់ , ចាំដល់អស់លុយសិនសឹមគិតទៀត ៕