ពិសាស៊ុតឆ្អិន ប្រសើរជាងឆៅ
ប្រសិនចង់អោយបានរាងកាយមាំមួន ខួរក្បាលល្អ ការចងចាំល្អ ស៊ុតមាន់ ឬស៊ុតទាអាចជួយបាន ។
ស៊ុតក្រហម : ជាប្រភពជីវជាតិអាហារដ៏កំពូល ព្រោះប្រមូលផ្តុំដោយវីតាមីន A , D, E, ស៊ុលហ្វូរ (Sulphur) ប៉ូតាស្យូម កាល់ស្យួម ម៉ាញ៉េស្យូម និងជីវជាតិដែក ។ដោយសារគុណប្រយោជន៍ទាំងនេះហើយ ទើបអ្នកឯកទេស ចំណីអាហារ តែងតែយកស៊ុត ជាស្តង់ដារ ក្នុងការត្រួតពិនិត្យប្រូតេអ៊ីន របស់អាហារផ្សេងៗ ។
ស៊ុតស : ក្នុងស៊ុតស មានអាស៊ីដអាមីណូ ដែលសំខាន់ចំពោះរាងកាយគ្រប់ប្រភេទ ។ក្នុង១ថ្ងៃ រាងកាយត្រូវការកូលេស្តេរ៉ូល ពីអាហារមិនលើស ៣០០ម.ក្រ ប៉ុន្តែស៊ុតមានកូលេស្តេរ៉ូលពី ១៤៦-២៣២មិល្លីក្រាម ដែលចាត៉ទុកថាខ្ពស់។
អ្នកជំនាញផ្នែកអាហារ បានកំណត់ថា ទារកអាយុ៥ខែ ឡើងទៅ រហូតដល់វ័យជំទង់និងវ័យធ្វើការ អាចទទួលទានស៊ុតបានរាល់ថ្ងៃ ក្នុង១ថ្ងៃ ១គ្រាប់។ចំណែកមនុស្សវ័យចាស់ ឬមនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ បរិភោគស៊ុតបាន១សប្តាហ៍ ៣គ្រាប់។
ប៉ុន្តែក្នុងការពិសាស៊ុត គួរចំអិនអោយឆ្អិន មិនគួរពិសាឆៅទេ ។មនុស្សខ្លះ និយមពិសាស៊ុតឆៅព្រោះជឿថា អាចបំប៉នរាងកាយបានល្អជាង ប៉ុន្តែតាមពិត នេះជាជំនឿដែលមិនត្រឹមត្រូវ ។នៅក្នុងស៊ុតឆៅ មានប្រូតេអ៊ីន អាវីឌីន ដែលនឹងទៅរាំងខ្ទប់ មិនអោយស្រូបយកវីតាមីន បណ្តាលអោយត្រូវបាត់បង់ប្រយោជន៍ល្អៗពីស៊ុត និងអាហារផ្សេងៗ ដែលពិសាចូលទៅ ។ប៉ុន្តែប្រសិនយកទៅធ្វើអោយឆ្អិនជាមុន ប្រូតេអ៊ីន អាវីឌីន នឹងត្រូវអស់ប្រសិទ្ឋភាព ។
ក្រៅពីនេះក្នុងស៊ុតឆៅ អាចមានមេរោគលាយឡំជាមួយ ពេលពិសាទៅមេរោគអាចមានឱកាស វាយលុកចូលរាងកាយបាន ។ ដូច្នេះពិសាស៊ុតឆ្អិន ប្រសើរជាងឆៅ ៕