ប្រយ័ត្នសារធាតុពុលក្នុងទឹកផ្លែឈើ
សម្រាប់អ្នកដែលនិយមពិសាទឹកផ្លែឈើ ទាំងព្រឹក-ល្ងាច ជារៀងរាល់ថ្ងៃ គួរប្រយ័ត្នសារធាតុពុលដែលសន្សំក្នុងរាងកាយ ដោយហេតុថា រោងចក្រដែលផលិតទឹកបន្លែ ផ្លែឈើ មិនធ្វើការបកយកសម្បកផ្លែឈើទាំងនេះចេញ ជាមុនទេ គឺនៅពេលចម្រាញ់ គេចម្រាញ់ទាំងសំបក ដូចជាផ្លែក្រូច ម្នាស់ ស្ពៃខាត់ណា ការ៉ុត ប្រូខូលី ជាដើម ។ដូច្នេះ ធ្វើអោយសារធាតុពុលផ្សេងៗ រួមមាន ថ្នាំសម្លាប់សត្វល្អិត ដែលកកជាប់តាមផ្ទៃសំបក ត្រូវលាយឡំនៅក្នុងទឹកផ្លែឈើ ដែលអ្នកពិសា ហើយប្រមូលផ្តុំក្នុងរាងកាយ លុះយូរថ្ងៃទៅ ក៏បញ្ចេញប្រតិកម្មដូចជាមនាហ្គាសក្នុងក្រពះ ត្អើក ទល់លាមក មានអាការដូចអាហារមិនរលាយ ដែលជា អាការនៃអាហារមានជាតិពុល ។
សូម្បីទឹកក្រូចច្របាច់ ដែលលក់ស្រស់ៗ ក៏អាចមានជាប់សារធាតុគីមី ថ្នាំសម្លាប់សត្វល្អិតដែរ ។ចំណែកឧបករណ៍ដែលប្រើច្របាច់ ក៏អាចមានបាត់តេរីជាប់ដែរ ។ប្រសិនបើជាទឹកក្រូច ដែលច្របាច់ទុកចោលតាំងពីព្រឹកដល់ល្ងាច អាកាសធាតុក្តៅ អាចធ្វើអោយបាត់តេរីកើតឡើងឆាប់រហ័យទៀតផង ។
ដូច្នេះគួរពិសាបន្លែ ផ្លែឈើ ដែលលាងស្អាតស្រស់ថ្មីៗ ទើបមានសុវត្តិភាពជាង ៕
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់១៥១)