For Android device For iOS device

មិថុនា

ទូរសព្ទ​ដៃ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ខួរ​ក្បាល

“និយាយ​ទូរស័ព្ទដៃ​ច្រើន អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក” ! នេះ​ជា​ការ​សន្និដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក OMS ដែល​មាន​ចុះ​ផ្សាយ​ក្នុង​របាយ​ការណ៍​មួយ ​នៅ​ថ្ងៃ​អង្គារ​ទី ៣១ ឧសភា​ម្សិលមិញ ។ របាយ​ការណ៍​ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​អ្នក​ឯកទេស​ស្រាវជ្រាវ​​ជំងឺ​មហារីកអន្តរជាតិ ។ អង្គការ​សុខភាព​ពិភពលោក ដែល​បាន​យល់​ព្រម​ចាត់​បញ្ចូលទូរស​ព្ទដៃ​ ទៅ​ក្នុង​ប្រភេទ​គ្រោះ​ថ្នាក់​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក បាន​ណែនាំ​ឲ្យ​និយាយ​ទូរស​ព្ទដៃ​ដោយ​​ប្រើ​ប្រដាប់​ស្តាប់​ពាក់នៅ​ត្រចៀក ឬ​ពុំ​នោះ​សោត​ទេ ផ្ញើសារ​​​វិញ​ប្រសើរ​ជាង ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ក្រុម​អ្នក​ស្រាវជ្រាវ បាន​លើក​ឡើង​ពី​គ្រោះ​ថ្នាក់​ជា​យថាហេតុ នៃ​ការ​ប្រើប្រាស់ទូរស​ព្ទដៃ និង​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​ណែ​នាំ​ជាច្រើន ។ ប៉ុន្តែ​ទើប​នៅ​ថ្ងៃអង្គារ​ទី ៣១ ឧសភា ​ម្សិលមិញ ជា​លើក​ទី​មួយ​ ដែល​អង្គការ​សុខភាព​ពិភពលោក បាន​​អារ​កាត់​ថា និង​ចាត់​បញ្ចូលទូរស​ព្ទដៃ ទៅ​ក្នុង​ក្រុមវត្ថុ​​គ្រោះថ្នាក់ “អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក”​ ។

 “ភស្តុតាង​មាន​កាន់​តែ​ច្រើន​ឡើងៗ​ ដែល​បញ្ជាក់​​ថា ទូរស័ព្ទ​ដៃអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​សុខភាពមនុស្ស​ ពោល​គឺ​​ជំងឺ​មហារីក​ខួរក្បាល” ។ នេះ​គឺ​ជា​ការ​អះអាង​របស់​ក្រុម​អ្នក​ឯកទេស​ស្រាវជ្រាវ​​ជំងឺ​មហារីក​​អន្តរជាតិ​ ទាំង​ជាង​៣០នាក់ មក​ពី​ប្រទេស​ចំនួន​១៤ដែល​បាន​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​៨​ថ្ងៃ​នៅ​ប្រទេស​បារាំង ។

 ​អង្គការ​សុខភាព​ពិភពលោក ចាត់​​ទុកទូរស​ព្ទដៃ​ថា​អាច​​នាំ​ឲ្យកើត​ជំងឺ​មហារីក (Catégorie 2B) ព្រោះ​រាល់​គ្រប់​ការសិក្សា​ តែង​បង្ហាញ​ថា​ ដែន​រលក​ម៉ាញ៉េទិច​របស់ទូរស​ព្ទដៃ អាច​​ធ្វើ​ឲ្យ​កើ​ត​មាន​​ដុំ​សាច់ ប្រភេទ ​ “Gliome” ​-ប្រភេទ​ដុំ​សាច់​មហារីកខួរ​ក្បាលម្យ៉ាង ។ គ្រោះ​កើត​ដុំ​សាច់​នេះ កើន​ដល់​ទៅប្រមាណ​៣០% បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​មិន​ប្រើទូរស​ព្ទដៃ​សោះ ។ ដែន​ម៉ាញ៉េទិច​របស់​វិទ្យុ​ ទូរទស្សន៍ ប្រព័ន្ធរ៉ាដា​ ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត ក៏​ត្រូវ​បានចាត់​បញ្ចូ​ល​ក្នុង​ក្រុម​​បង្ក​គ្រោះ​ថ្នាក់​ ដូច​ទូរស​ព្ទ​ដៃ​​ដែរ ។

 ក្នុង​ពេល​រង់​ចាំ​ការ​សិក្សា​​ឲ្យ​បាន​កាន់​តែស៊ីជម្រៅបន្ថែម​ទៀត ក្រុម​អ្នក​ឯកទេស​របស់​អង្គការ​សុខភាព​ពិភពលោក សូម​ណែនាំ​ឲ្យ​បណ្តាជន​ទូទៅ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ទូរស​ព្ទដៃ​រយៈ​ពេល​យូរ​​ សាក​ល្បង​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​​តំបន់​ដែន​ម៉ាញ៉េទិច ដូច​ជា​និយាយទូរស័ព្ទ​ដោយ​ពាក់​ប្រដាប់​ស្តាប់​នៅ​ត្រចៀក កុំ​យក​មក​ផ្អិប​ជិត​ ឬ​ផ្ញើ​សារ​ទៅ​ឲ្យ​គ្នា​វិញ​ប្រសើរ​ជាង ព្រោះ​វា​អាច​កាត់​បន្ថយ​ការ​ទទួល​រង​ដែន​ម៉ាញ៉េទិច​បាន​១០​ដង ៕

ប្រភព ៖ វិទ្យុបារាំងអន្តរជាតិ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា