For Android device For iOS device
៣០
ឧសភា

បទវិភាគ ៖ អ្វី​ដែល​មាន​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ពូកែមួយ

អធិប្បាយដោយលោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT

អត្ថបទនេះវា​ក៏​នឹងជា​តម្លៃ​មួយ​សម្រាប់​ឲ្យ​ប្អូនៗ​ដែល​ជាអ្នក​សិក្សា និង មាន​បំណង​សិក្សា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឯកទេសជាវិស្វករ​ផ្នែក​សរសេរ​កម្មវិធី​យកទៅពិចារណា និង គិតឡើងវិញអំពី​លក្ខណៈ​សម្បត្តិ​ដែល​ខ្លួន​មាន​មុននឹង​សម្រេច​ចិត្តថាខ្លួននឹងរៀនជំនាញនេះ ដើម្បី​កុំ​ឲ្យ​ខាតបង់ពេលវេលា និង មានការអស់​សង្ឃឹម​នោះ ។

វា​ស្ទើរតែ​គ្រប់​ឆ្នាំ​នៃការបង្រៀនរបស់​ខ្ញុំ​តែងបាន​ឮ​សំណួរ​ដ​ដែល​ៗ​ថាតើ “ធ្វើ​យ៉ាង​ដូចម្តេចទើប​ក្លាយជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដ៏ពូកែម្នាក់បាន? ហើយត្រូវរៀនដូចម្តេចទើបពូកែខាង​កុំព្យូទ័រ​?” ។ ចម្លើយ​វា​ប្រហែល​ជា​អាចត្រូវឆ្លើយតាមការយល់ឃើញ​របស់អ្នក ប៉ុន្តែ​សម្រាប់​ទស្សនៈ​ខ្ញុំ វិធាន និង ទស្សនៈ​សម្រាប់​អនុវត្តន៍ ដើម្បី​ឲ្យ​ក្លាយជាអ្នកល្បី និង ពូកែ​ក្នុង​ភាពជាអ្នក​សរសេរ​កម្មវិធី​នោះ វាមិនប្រាកដថានឹង​សម្រេច​បំណង​បានឡើយ បើសិនជាវាមិនដូច្នេះប្រហែលគ្រប់ៗ​គ្នា នឹងក្លាយជាអ្នកល្បី ព្រោះ​នណារ​ក៏​ចង់បានកិត្តិយស​ថាខ្លួន​ជាអ្នកពូកែ​ដែរ ។

ជាការពិតណាស់ភាពល្បី និង ពូកែ​វានឹង​មិនអាច​កើតមានបានឡើយ​សម្រាប់​មនុស្សខ្ជឹល មនុស្សអសកម្ម មនុស្សខ្វះការអត់ធ្មត់ និង ការតស៊ូ ព្រមទាំង​គ្មាន​គំនិតអភិវឌ្ឍន៍នោះទេ ។ ហើយ​ក៏​មានទស្សនៈ​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​ខ្លួន ឬ អ្នកក្រោមបង្គាប់ខ្លួន​ក៏​នឹង​មិនអាច​ធ្វើ​ឲ្យ​ខ្លួនក្លាយជាអ្នកល្បីបានឡើយ មិនតែប៉ុណ្ណោះ​វានឹង​កាន់តែ​ធ្វើ​ឲ្យ​សង្គម និង កិត្តិយសជាតិកាន់តែលិចលង់​ផងដែរ ឧទាហរណ៍ថា​លោកអ្នក​ចង់ក្លាយ​ជាអ្នកល្បី​ដោយ​ចង់​បង្កើត​អ្វីមួយ ប៉ុន្តែ​លោកអ្នក​ទទួលបានទស្សនៈមួយថា​បើសិនជាធ្វើត្រូវតែ​ឲ្យ​ការងារ​នោះល្អឥតខ្ចោះ ដើម្បី​កុំ​ឲ្យ​មាន​ការរិះគន់ ការគិតបែបនេះ​សូមកុំ​សង្ឈឹមថាមួយជីវិតអ្នកនឹង​ទទួលបានកិតិ្តយសនេះ​ឲ្យ​សោះ ចំណែក​ឯ​អ្នក​ផ្ដល់​ទស្សនៈថាបើធ្វើអ្វីត្រូវ​ឲ្យ​ឥតខ្ចោះនេះ​គឺ​កំពុង​ស្ថិត​ក្នុង​ភាពជាបុគ្គលឈ្នានីស​ដែល​ខ្លួននឹង​មិនអាច​ធ្វើបាន ឬ ក៏​ជាបុគ្គល​ដែល​គ្មាន​គំនិតអភិវឌ្ឍន៍ ឬ អាចនិយាយបានថាជាមនុស្សល្ងង់ខ្លៅ ហើយ​លោកអ្នក​ត្រូវចង​ចាំ​ថា​វិទ្យាសាស្រ្តផ្សេងៗ​ដែល​កំពុង​បម្រើ​ប្រយោជន៍​ឲ្យ​មនុស្សដ៏មហិមា​ដូចសព្វ​ថ្ងៃ​នេះ វាមិនមែន​ទើបតែ​កើត​ឡើង​នោះទេ ប៉ុន្តែ​វាបាន​បង្កើត​ជាយូរ និង បានកែប្រែជា​ច្រើន​ដងទើបបាន​ដូចសព្វ​ថ្ងៃ​នេះ​ហើយ​វានឹង​ប្រសើរ​ជាង​នេះ​សម្រាប់​អនាគតកាល និង​ក៏​គួរតែចងចាំថាការ​បង្កើត​ថ្មីទោះវា​មិនបាន​ល្អសមដូច​បំណង​ក៏​ដោយ ក៏ ប៉ុន្តែ​វា​ប្រសើរ​ជាងអ្វី​ដែល​គ្មាន​សោះ ។

ជាការពិតភាពពូកែ និង ល្បីរបស់បុគ្គលម្នាក់វាត្រូវផ្សារ​ភ្ជាប់​ជាមួយនឹង​ទេព្យកោសល្យធម្មជាតិរបស់ បុគ្គលនោះ​ផងដែរ វាមិនមានន័យ​លោកអ្នក​ពូកែ​គណិតវិទ្យា​សុទ្ធតែអាចក្លាយជាអ្នកពូកែ ឬ អាចរៀនជាវិស្វករ​កុំព្យូទ័រ​បាន​ល្អ​ឡើយ ។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ធ្លាប់​ជា​និស្សិត ជាបុគ្គលិក​ផ្នែក IT ម្នាក់ ជាសាស្ត្រាចារ្យ​ផ្នែក​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​បច្ចុប្បន្ន​ជានាយកនៃ​ក្រុមហ៊ុន និង ទស្សនាវដ្ដី​អាន-ANT ខ្ញុំ​អាចសន្និដ្ឋានថា សម្រាប់​អ្នក ដែល​មាន​ភាពអស្ចារ្យ​ជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ម្នាក់​តោងមាន​លក្ខណៈ​សម្បត្តិដូច​ខាងក្រោម​៖

១. តណ្ហា

​សូមកុំ​គិតថាជាតណ្ហាទៅខាងពាក្យអាសអាភាស ប៉ុន្តែ​វាផ្តោត​ទៅលើ​ភាពរំភើបនៃ​កម្មវិធី​កុំព្យូទ័រ ដែល​ខ្លួន​បាន​បង្កើត ។ អ្នក​សរសេរ​កម្មវិធី​ដ៏អស្ចារ្យគេមិន​ដែល​ទុកពេលវេលាទៅចោល ដោយឥតប្រយោជន៍ឡើយ ហើយ​ក៏​មិន​ដែល​រង់ចាំទាល់តែមានគេមកជួលខ្លួន ទើបចាប់ផ្តើម​ស្រាវជ្រាវ​កូដ និង សរសេរ​កម្មវិធី​នោះឡើយ ។ គេត្រូវចេះ​បង្កើត​គំនិតនិងចាប់ផ្តើម​សរសេរ​កម្មវិធី​តូចៗ​និងឈានទៅដល់ធំ ដែល​គេបានជួបប្រទះ​ទៅនឹង​ការងារ​អ្វីមួយ ឧទាហរណ៍ពេលអ្នកកត់ត្រាលេខ​ទូរសព្ទ​របស់មិត្រភក្តិចូលទៅ​ក្នុង​សៀវភៅ អ្នកត្រូវចេះយក​ការងារ​នោះ​មកអនុវត្តន៍ជា​កម្មវិធី​កុំព្យូទ័រ ទម្លាប់​បែបនេះអ្នកនឹងទទួលបានបទពិសោធន៍មួយ ដោយ​មិនដឹង​ខ្លួន​សម្រាប់​ការក្លាយខ្លួនជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបាន ហើយរាល់ពេល​ដែល​អ្នក​សម្រេច​បាន​ការ​បង្កើត​កម្មវិធី​នីមួយៗ​អ្នកនឹងទទួលបានអារម្មណ៍រំភើបមួយ និងពេញចិត្ត​ទៅលើ​ការងារ​សរសេ​កម្មវិធី​នេះ​ទៀតផង ហើយ​លោកអ្នក​នឹងមាន​ចំណង់ចំណូលចិត្ត​ទៅលើ​វាកាន់តែខ្លាំង ហើយ​ថែមទាំង​ត្រូវការវា​ទៀតផង ។

*** សម្រាប់​ស្នាដៃសិស្សជា​ច្រើន​ទៀត​ដែល​លោកអ្នក​អាច Download យកទៅ​ប្រើ​បានដោយឥតគិតថ្លៃ http://training.antkh.com/achievements/?c=programming

២. ស្វ័យ​សិក្សា​ដោយខ្លួនឯង

​ចំណុច​ទី១គឺជា​ចំណុច​សន្សំបទពិសោធន៍ ផ្សារ​ភ្ជាប់​ជាមួយនឹង​ចំណុច​ទី១​នេះនឹងចាំបាច់ត្រូវមាន​ការ​សិក្សា និង ស្រាវជ្រាវ​ដោយខ្លួនឯង វានឹង​ពុំមានគ្រូណាម្នាក់ ឬ សាលា​ណាមួយ​ដែល​បង្រៀនអ្នកគ្រប់​ចំណុច​នោះឡើយ ។

​សម្រាប់​ក្រុមហ៊ុន ឬ អង្គការទាំងឡាយ​ដែល​ចង់បានបុគ្គលិក ឬ សហការីដ៏ឆ្នើមខាង​សរសេរ​កម្មវិធី មិនត្រូវ​ចាត់ទុក​បុគ្គល​ដែល​មិនចេះ​សិក្សា​ដោយខ្លួនឯងថាជាអ្នកពូកែឡើយ ។ ឧទាហរណ៍​ខ្ញុំ​នឹង​មិនអាច​ទទួល​បានឡើយ​សម្រាប់​អ្នកដាក់ពាក្យជាអ្នក​សរសេរ​កម្មវិធី​ហើយនិយាយថា “ខ្លួននឹងចេះ​ព្រមទាំង​មាន​សមត្ថភាព បើសិនជាខាង​ក្រុមហ៊ុន ឬ លោកនាយក​បញ្ចូន​ខ្ញុំ​ទៅរៀន ឬ ជួយបង្រៀន​ខ្ញុំ​នោះ” ​ចម្លើយ​បែបនេះ​បង្ហាញ​ថា បុគ្គលនោះនឹង​គ្មាន​សមត្ថភាព​អភិវឌ្ឍន៍ខ្លួនបានឡើយ ឬ ក៏​ជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបានដែរ ទោះបីជា CV របស់គេ​បង្ហាញ​ឲ្យ​ឃើញថាគេជាមនុស្សពោរពេញដោយបទពិសោធន៍ ឬ ចំណេះដឹង​ភាសា​សរសេរ​កម្មវិធី​ក៏​ដោយពី​ព្រោះ CV មានពេល​ខ្លះ​វា​គ្រាន់តែ​ជាឯកសារបោកបញ្ឆោតប៉ុណ្ណោះ ផ្ទុយទៅវិញ ខ្ញុំ​នឹងយកគេនោះ​ជា​បុគ្គលិកបើសិនជាគេនិយាយថា “​ខ្ញុំ​ពិតជាអាច​ស្រាវជ្រាវ​ដោយខ្លួនឯងបានទៅនឹង​បញ្ហា​នេះ ឬ ក៏​ជំនាញនេះ” ។

អ្នកពូកែគឺដាច់ខាតត្រូវចេះ​សិក្សា​ដោយខ្លួនឯងដោយ​គ្រាន់តែ​ស្តាប់​ឮ​នូវ​អ្វី ដែល​គេនិយាយត្រួសៗ​ពី​បច្ចេកវិទ្យា​នោះតែប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ត្រូវតែជាមនុស្សមិន​ដែល​គិតខ្លួនឯងថាមាន​ចំណេះដឹង និង សមត្ថភាព​គ្រប់គ្រាន់​នោះឡើយ ប៉ុន្តែ​ពួកគេ​គឺជាមនុស្ស​ដែល​ស្រែកឃ្លាននឹងការ​ស្រាវជ្រាវ ការដកបទពិសោធន៍ និងរបកគំហើញ ហើយជា​ក៏​ជាអ្នកស្តាប់អ្នកជុំវិញខ្លួន​ក្នុង​ហេតុផលវិភាគនិង​ស្វែងរក​ការពិតពីវា​តាមរយៈ internet និង ខ្លួនឯង​បន្ថែម​ទៀត​ប្រសើរ​ជាងការជឿងប់ ។

៣. ភាពឆ្លាតវៃ

តើភាពឆ្លាតវៃដូចម្តេច​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ឆ្នើម? វាជាការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ យ៉ាង​ដូចម្តេច? ភាពឆ្លាតវៃ​ដែល​ខ្ញុំ​និយាយនេះវាពុំទាំងស្រុង​ទៅលើ​ការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ ជាមនុស្សមាន​ការនិយាយ​ច្រើន រាក់ទាក់​ច្រើន ឧស្សាហ៍​ចេញមុខ​ក្នុង​សង្គមនោះឡើយ ដែល​នេះគឺជា​ចំណុច​ល្អ​សម្រាប់ អ្នកពាណិជ្ជករ ហើយវារិតតែ​ពិសេស​បើ​ចំណុច​នេះ វាមាន​សម្រាប់​អ្នក​ដែល​ជាអ្នក​សរសេរ​កម្មវិធី​ដ៏ឆ្នើម​ទៀតនោះ ។

ភាពឆ្លាតវៃ​សម្រាប់​ខ្ញុំ​កំពុង​និយាយគឺផ្តោត​ទៅលើ​ការពូកែ​ទៅលើ​របៀប​កំណត់​បញ្ហា ការចេះបែងចែកពេលវេលា វិធីសាស្ត្រនៃការដោះស្រាយ​បញ្ហា និងចេះដកយកបទពិសោធន៍ និង ចំណេះដឹង​ដែល​ខ្លួនបានមាន និង ចេះមកកែច្នៃ និងមានគំនិតប្រតិកម្ម​រហ័ស​ទៅនឹង​បញ្ហា​ដែល​កំពុង​តែជួបប្រទះ ។

៤. ទម្លាប់​ស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​

​សម្រាប់​អ្នក​សរសេរ​កម្មវិធី​មិនគួរស្កប់ស្កល់តែអ្វី​ដែល​ខ្លួនបាន​បង្កើត ហើយចាត់ទុកថា​វាជា​ការងារ​អស្ចារ្យ​របស់ខ្លួន​ឡើយ ប៉ុន្តែ​យើង​ក៏​គួរតែស្វែងយល់ពីស្នាដៃផ្សេងៗ​របស់អ្នក​ដទៃ ដើម្បី​សិក្សា​ពីបច្ចេកទេស ដែល​អ្នក​ដទៃ​បាន​ប្រើ ខ្ញុំ​លើកឧទាហរណ៍មួយថាបើសិនជាអ្នកជាអ្នក​សរសេរ​កម្មវិធី​ភាសា C# នោះ​លោកអ្នក​ក៏​គួរតែ​សិក្សា​ស្វែងយល់​ខ្លះ​ៗ​ពីភាសា​ដទៃ​ទៀតផង​ដែរ ការធ្វើបែបនេះ​វានឹង​នាំ​ឲ្យ​យើងមានគំនិតថ្មី និង អាចចេះ​សំយោគ​វា​សម្រាប់​ការងារ​សរសេរ​កម្មវិធី​របស់អ្នក ។ មានពេល​ខ្លះ​ការ​បង្កើត​កម្មវិធី​ដ៏ធំមួយវា​ក៏​តម្រូវ ឲ្យ​យើង​ប្រើ​ប្រាស់​ភាសា​កម្មវិធី​ផ្សេងៗ​ទៀត​បញ្ចូល​គ្នា​ផងដែរ​តួ​យ៉ាង​ដូចជា​៖

១. កម្មវិធី​អានផេឌៀ ANT Pedia ដែល​ជាវចនានុក្រម​បង្កើត​ដោយ​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT បាន​ប្រើ​ប្រាស់​ភាសា C++, C, C++, C#, HTML, CSS, JavaScript និង PHP+MySQL ​ផងដែរ ។ ចុចទីនេះ ដើម្បី Download កម្មវិធី​អានផេឌៀ​ដែល​ដំណើរ​ការ​លើ windows 8 ឡើងទៅ http://www.antkh.com/antpedia/

២. កម្មវិធី ANTDroid ចំនួន ៥ទៀត​ដែល​ចេញកន្លងមក ដែល​ដំណើរ​ការ​ចាប់ពី Android 4.4 ឡើងទៅ http://www.antkh.com/tech/2315

៣. កម្មវិធី ANT Croix ​ប្រើ​កូដ C++ សរសេរ​ដែល​បង្កើត​តាំងពី ៨​ឆ្នាំ​មុន​ដែល​កាលនោះអាន-ANT ប្រើ​ឈ្មោះ​ថា Usoft Technology ដែល​លោកអ្នក​អាច​ធ្វើការ Download លេងបាន http://antkh.com/tech/31 នឹងមាន​កម្មវិធី​អានជា​ច្រើន​ទៀត

លើសពីនេះ​បញ្ហា​នៃការស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ (DBMS) វា​ក៏​ជា​ចំណុច​ដែល​អ្នក​សរសេរ​កម្មវិធី​ឆ្នើមគប្បីមាន​ផងដែរ ។

ការ​សិក្សា​ពីឧបករ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ដូចជា​ទូរសព្ទ ទូរទស្សន៍ឌីជីថលកាម៉េរា ។ ល ។ ព្រោះ​ការ​ប្រើ​ប្រាស់​គ្រឿង​ទាំងនេះនឹងអាចជួយបណ្តុះភាពឆ្លាតវៃ និង​ទម្លាប់​ស្រាវជ្រាវ​ដល់ខួរក្បាលយើងបាន​ផងដែរ ហើយ​ក៏​មាន​ឧបករណ៍​ក្មេងលេងមួយចំនួនបានជំបណ្តុះគំនិត​ឲ្យ​អ្នកលេងក្លាយជាអ្នក​សរសេរ​កម្មវិធី​ដោយពុំដឹងខ្លួន​ផងដែរ ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ចំណុច​ទាំង៤​ខាងលើ​គឺ​គ្រាន់តែ​ជាទស្សនៈ ការអង្កេត និង ជាបទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​តែប៉ុណ្ណោះចាប់តាំងពី​ខ្ញុំ​បានក្លាយជាអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ និង ស្វែងយល់វាពី​ឆ្នាំ​១៩៩៣ មកហើយ​ទស្សនាវដ្ដី​អាន-ANT ក៏​ដូចជា​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន- ANT ព្រមទាំង​លោកអ្នក​អាន និង សិស្ស​ដែល​បានរៀន​ជាមួយយើង នឹងធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ ANT ដើម្បី​សម្រេច​ឲ្យ​បាន​ក្នុង​ការ​បង្កើត​អ្វី ដែល​ថ្មី​បន្ថែម​ទៀត​សម្រាប់​ជាកិត្តិយជាតិ ដែល​មានអ្នក​ព័ត៌មាន​វិទ្យា​ខ្មែរ​យើងជា​ច្រើន​ក៏​បាន​ខិតខំ​ធ្វើកិច្ចការនេះដូច​គ្នា​ផងដែរ ។ ប៉ុន្តែ​អ្វីៗ​វានឹង​កើតមានពិតប្រាកដ​សម្រាប់​អ្នក បើសិនជាមានការតាំងចិត្ត​ខ្ពស់ គួបផ្សំនឹងទេពកោសល្យ​ពីធម្មជាតិ​របស់យើង ហើយ​ក៏​មិនត្រូវលង់លក់ និង​ឲ្យ​តម្លៃ​ខ្ពស់​តែអ្វី​មកពី​បរទេស ឬ ក៏​បាក់ទឹកចិត្ត​ដោយ​គ្រាន់តែ​បាន​ឮ​ពាក្យបន្តុះបង្អាប់ ឬ រិះគន់​ក្នុង​ន័យកាច់បំបាក់ពីជន​ដែល​គ្មាន​សមត្ថភាព​បង្កើត​នោះដែរ ។

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

*** សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា