For Android device For iOS device

ឧសភា

ដើមកំណើតនៃទូរទស្សន៍ខ្សែកាប

ទូរទស្សន៍ខ្សែកាប (cable television) ដែលពីមុនត្រូវបានគេដឹងថា Community Antenna Television (CATV) ដែលមានដើមកំណើតនៅតំបន់ភ្នំ Pennsylvania នាឆ្នាំ១៩៤៨ ។

CATV ឬហៅថាទូរទស្សន៍ខ្សែកាបនេះបានបង្កើតឡើងដោយ John Walson និង Margaret Walson ក្នុងរដូវក្តៅ​ឆ្នាំ១៩៤៨ ។ មុននឹងលេចចេញនូវកិច្ចការងារនេះគឺលោក Walson មានរួចជាស្រេចហើយនូវក្រុមហ៊ុនបម្រើ​សេវាកម្មផ្នែកអេឡិកត្រូនិចលើគ្រឿងប្រើប្រាស់ក្នុងផ្ទះ តាំងពីពាក់កណ្តាលឆ្នាំ១៩៤០ មកម្លេះ ដែលសេវា​របស់គាត់​រួមមានការដំឡើង ជួសជុល និង លក់ឧបករណ៍អគ្គិសនីប្រើប្រាស់ សម្រាប់តំបន់មួយចំនួនដូចជា ក្រុង Mahanoy និង  Pennsylvania ដែលស្ថិតក្នុងតំបន់ប្រជុំភ្នំ ។

ក្នុងឆ្នាំ១៩៤៧ លោក Walson បានបន្ថែមការងារជំនួញរបស់គាត់គឺ លក់ទូរទស្សន៍និងគ្រឿងទូរទស្សន៍ ប៉ុន្តែគាត់​ក៏តែងតែទទួលបាននូវបញ្ហាពីអ្នកប្រើប្រាស់ទូរទស្សន៍ក្នុងតំបន់នោះ គឺការចាប់រូបភាពពុំសូវច្បាស់​ដែលបាន​ផ្សាយចេញពីស្ថានីយ៏ Philadelphia ដែលជាតំបន់ស្ថិតនៅក្បែរនោះដែរ បញ្ហានេះវាបានកើតឡើង​ដោយសារ​អង់តែន​ទូរទស្សន៍ មិនមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការទទួលបានរូបភាពដោយសារ​ឥទ្ធិពល​ជ្រលងភ្នំខ្ពស់ៗ​ព័ទ្ធជុំវិញ ។ ពេលវេលានោះហើយដែលលោក John Walson បានដំឡើងអង់តែន utility pole នៅលើកំពូលភ្នំ​ដែល​អាចឲ្យគាត់ ចែកចាយសេវាបញ្ជូនរូបភាពពីការផ្សាយចេញពីស្ថានីយ៏ចំនួន៣ពី Philadelphia ដោយរូបភាព​ច្បាស់​ទៅកាន់អតិថិជនរបស់គាត់ ។

របៀប Walson បញ្ជូនរូបភាពការផ្សាយពីស្ថានីយ៏ទូរទស្សន៍ ទៅកាន់អតិថិជនរបស់គាត់គឺ​ធ្វើឡើងតាមរយៈ​ខ្សែកាប (cable) ដែលក្នុងពេលនោះប្រជាជនណាដែលរស់នៅក្នុងតំបន់ ឬ ចម្ងាយដែលខ្សែកាបរបស់គាត់​អាចអូសដល់គឺមានលទ្ធភាពជាវនូវសេវានេះបាន ហើយគាត់ក៏ត្រូវបានចាត់ទុកជាអ្នកទីមួយ នៃការចាប់ផ្តើម​ឲ្យមានប្រព័ន្ធទូរទស្សន៍ខ្សែកាបសម្រាប់ជាតិរបស់សហរដ្ឋអាមេរិក ។

John Walson ត្រូវបានសភាជាតិ និងសមាគមន៍ទូរទស្សន៍ខ្សែកាបផ្តល់ឲ្យឋានៈរបស់គាត់​ជាមនុស្សដំបូងបំផុត ដែលបានបង្កើតឧស្សាហកម្មទូរទស្សន៍ខ្សែកាប ហើយគាត់ក៏ត្រូវបានចាត់ទុកជាអ្នកទីមួយផងដែរ ដែលប្រើប្រាស់​ម៉ៃក្រូវ៉េវ (microwave) សម្រាប់ការបញ្ជូនរូបភាពទូរទស្សន៍ពីស្ថានីយ៏តាមរយៈចំងាយឆ្ងាយ និង ជាអ្នកទីមួយដែលប្រើប្រាស់ខ្សែកាបប្រភេទ coaxial ដែលធ្វើឲ្យរូបភាពបញ្ជូនកាន់តែច្បាស់ និង ចុងក្រោយក៏ជាអ្នកទីមួយដែលបង្កើតកម្មវិធីទូរទស្សន៍ដែលតំរូវអោយមានការបង់លុយ ទើបអាចទស្សនាបានគឺ HBO (Home Box Office) ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា