For Android device For iOS device

តុលា

បទពិសោធន៍ និងទស្សនៈគ្រូ - The Teacher’ s Speak

អធិប្បាយដោយលោក សំ កក្កដា នាយក​ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាលអាន-ANT

កែស​ម្រួលឡើងវិញ ខែ តុលា ឆ្នាំ ២០១៤

៣​ចំណុច ពាក់ព័ន្ធនឹងគុណភាព​និស្សិត​

ការខ្វះខាតការយកចិត្តទុកដាក់​ទៅលើ​និស្សិត​របស់ខ្លួន ភាពមិនមានសកម្មភាពរបស់​និស្សិត​ក្រោយ​បញ្ចប់​ការ​សិក្សា ការអ​សមត្ថភាព​និងបទពិសោធន៍របស់គ្រូ ភាពមិនគ្រប់​លក្ខណៈ​នៃទីធ្លា​ក៏​ដូចជា​បរិស្ថានសាលា ។ ល ។ ទាំងអស់​នេះយើងគ្រប់​គ្នា​តែងតែបានលឺ ពីការរិះគន់ជា​ច្រើន​ពីអាណាព្យាបាល​ក៏​ដូចជា​ក្រុមហ៊ុន​និងអង្គការនានាអំពី​បញ្ហា​នេះ ។

ប៉ុន្តែ​ខ្ញុំ​ក៏​សង្កេតឃើញមានសកលវិទ្យាល័យមួយចំនួន ក៏​ខិតខំ​លើកទឹកចិត្ត​និស្សិត​របស់ខ្លួន​តាមរយៈ​ការបញ្ចុះ​តម្លៃ​សិក្សា ឬ​ក៏​មានរង្វាន់លើកទឹកចិត្តផ្សេងៗ​សម្រាប់​សិស្ស​ដែល​រៀនពូកែ ។ ទាំងនេះវាពុំមែនជា​ការគ្រប់គ្រាន់ សម្រាប់​អ្វី​ដែល​ហៅថាពង្រឹងគុណភាព​និស្សិត​នៅឡើយទេ បើសិនជា​គ្មាន​ការប្តេជ្ញាចិត្ត និង បង្ហាញ​ពីសកម្មភាពរបស់សិស្ស​និស្សិត ឬ​ពីមហាវិទ្យាល័យ​ក្នុង​គោលដៅក្រេបយក និង ផ្សព្វផ្សាយចំនេះដឹងដ៏ពិតប្រាកដនោះ ។

វិទ្យាល័យ មហាវិទ្យាល័យ និងសកលវិទ្យាល័យ ក៏​ដូចជា​ស្ថាប័នអប់រំត្រូវតែធ្វើអ្វីម៉្យាង សិស្ស និស្សិត​ទាំងអស់​នោះ មានភាពកក់ក្តៅ និងមានទំនុកចិត្តពីអនាគតរបស់​ពួកគេ ក្រោយពីការ​បញ្ចប់​ការ សិក្សា ជា​ពិសេស​ខ្ញុំ​សង្កេតឃើញសិស្ស​និស្សិត​មួយចំនួនធំ យកការរៀនរបស់ខ្លួនចាត់​ទុកជា​បេសកម្ម​សម្រាប់​សញ្ញាប័ត្រនិងពេល​ប្រលង​ម្តងៗ គឺជាពេលវេលានៃការហ្វឹកហាត់កែវភ្នែក សម្រាប់​អក្សរដ៏​តូចៗ​នៃការបើកមើលឯកសារ ។

និយាយជារួមទៅមុននឹងយើងឆ្លើយ​ឲ្យ​ប្រាកដ ថាតើ​និស្សិត​មាន​សមត្ថភាព​គ្រប់គ្រាន់ ឬ​អត់ក្រោយពី​ពួកគេ​បញ្ចប់​ការ​សិក្សា ? តាមទស្សនៈ​ខ្ញុំ​ក្នុង​នាមជាអ្នក​ធ្លាប់​សិក្សា ហើយ​ក៏​ធ្លាប់​ឆ្លងកាត់​ជាសាស្រ្តាចារ្យ​ផ្នែក Computer Programming ម្នាក់ដែរនោះ យើងត្រួត​ពិនិត្យ​ថា តើសកលវិទ្យាល័យនានាបានឆ្លើយតបជា​វិជ្ជមាន​សម្រាប់ ៣​ចំណុច​ខាង​ក្រោមនេះហើយ ឬ​នៅ?

​ចំណុច​ទី១ ការជំរុញនិងលើកទឹកចិត្តពីសាលា ឬ​ស្ថាប័នអប់រំ ភាពជិតស្និតនិងការយកចិត្តទុកដាក់ របស់សាលា​ទៅលើ​និស្សិត​គឺជារឿង​ដែល​ចាំបាច់ត្រូវមាន ហើយសាលា​នីមួយៗ​គួរតែមាន​កម្មវិធី ជាញឹកញាប់ និងជាប្រចាំ​ក្នុង​ការធ្វើ​ឲ្យ​មាន​កម្មវិធី​ក្រកួតប្រជែង នូវ​ស្នាដៃរបស់​និស្សិត​ជាមួយ នឹងការ​ផ្ដល់​ឲ្យ​នូវ​រង្វាន់កិត្តិយស និងការផ្សព្វផ្សាយ​ឲ្យ​បានទូលំ​ទូលាយ ពីស្នាដៃរបស់​ពួកគេ ទោះបីជាស្នាដៃដំបូងនោះមាន​កម្រិត​ទាបនៅឡើយ​ក៏​ដោយ ការធ្វើបែបនេះ​មានន័យថា​យើងធ្វើ​ឲ្យ​​ពួកគេ​រវល់ ទៅនឹង​ការងារ​ក៏​ដូចជា​ការបណ្តុះគំនិត​ស្រាវជ្រាវ​របស់​ពួកគេ ។

ក្រៅពីបណ្តុះគំនិត​ស្រាវជ្រាវ សាលាធ្វើ​ឲ្យ​ពួកគេ​មានគំនិត ក្នុង​ការ​បង្កើត​ផែនការ​សម្រាប់​ជីវិតក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ធ្វើ​ឲ្យ​គេមានភាពជឿ​ជាក់ ក្នុង​ការ​សិក្សា​របស់ខ្លួនធ្វើ​ឲ្យ​គេយល់ពីអត្ថប្រយោជន៍ នៃជំនាញរបស់​ពួកគេ ។ ដូច្នេះតើ​ចំណុច​ទីមួយនេះមានអនុវត្តជា​ទូទៅ​ហើយ ឬ នៅពីមហាវិទ្យាល័យដ៏​ច្រើន​សំបូបែប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ?

​ប្រសិនបើ​លោកអ្នក​ចង់មើលស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT សូមចូល​ទៅកាន់​ http://training.antkh.com/achievements/

​ចំណុច​ទី២ ទម្លាប់​ការរៀនសូត្រជាក្រុម ឬ ចែក​រំលែក​ចំនេះដឹង

ការបណ្តុះគំនិត​ឲ្យ​និស្សិត​ចេះសហការ​គ្នា ចេះរួម​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា ចេះជួយ​គ្នា​ទៅវិញ​ទៅ​មកវាជារឿងមួយដ៏ល្អ​ក្នុង​ការ​សិក្សា​ក៏​ដូចជា​ការរស់នៅ​ក្នុង​សង្កម ។ ពាក់ព័ន្ធទៅនឹង​ចំណុច​ទី១ សាលាត្រូវចេះ​បង្កើត​កម្មវិធី​និស្សិត បង្រៀន​និស្សិត ការធ្វើបែបនេះសាលានឹងមានឱកាស២​យ៉ាង​ក្នុង ការជំរុញទឹកចិត្ត​និស្សិត ទីមួយ សាលាបាន​ផ្ដល់​ឱកាស​ការងារ​ដល់​និស្សិត​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ចំនេះដឹងរបស់គេ ទៅលើ​ការបង្រៀនដល់​និស្សិត​ដែល​រៀនខ្សោយ ដែល​នេះជា​បទពិសោធ​ន៍មួយ​សម្រាប់​ពួកគេ​មុននឹង​បញ្ចប់​ការ​សិក្សា ដែល​សាលាត្រូវតែ​ផ្ដល់​ឲ្យ​នូវ​លិខិតសរសើរ ប្រាក់​ម៉ោង​និង​រង្វាន់ បញ្ជាក់​ពីភាព​ខិតខំ​របស់​ពួកគេ ។

ទីពីរ សាលាបានយកចិត្តទុកដាក់និងបានរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការធ្វើ​ឲ្យ​និស្សិត​របស់ខ្លួនមាន​សមត្ថភាព និងពុំមានគំនិតធុញទ្រាន់ ឬ​អស់​សង្ឃឹម​ក្នុង​ការ​សិក្សា ។ ដូច្នេះតើ​ចំណុច​ទីពីរនេះមានអនុវត្តន៍ ជា​ទូទៅ​ហើយ ឬ​នៅពីមហាវិទ្យាល័យដ៏​ច្រើន​សម្បួរបែប ក្នុង​ពេល​បច្ចុប្បន្ន​នេះ ?

​ចំណុច​ទីបី មិនគួរគិតពាណិជ្ជកម្មជាង​សមត្ថភាព​

ការមានមហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ច្រើន វាជារឿងមួយ​ដែល​យើងស្វាគមន៍ ដោយឈរលើហេតុផលពង្រីកធនធានមនុស្ស ក៏ ប៉ុន្តែ​វាត្រូវតែមានការវាស់ប្រវែងមួយដ៏ជាក់លាក់ និងជា​ទូទៅ​ដល់មហាវិទ្យាល័យ​នីមួយៗ​ទៅលើ​កម្មវិធី​សិក្សា និង​កំណត់​ឲ្យ​មាន​កម្មវិធី​គោលមួយ​សម្រាប់ ជំនាញ​នីមួយៗ​ឲ្យ​បានជាក់លាក់ ជាជាងការ​កំណត់​ទៅតាម​ការនឹកឃើញ របស់ព្រឹទ្ធបុរស ឬ​សាកលវិទ្យាធិការ ដោយពឹងផ្អែក​ទៅលើ​ថវិការ និង​កម្រិត​សមត្ថភាព​គ្រូ​ដែល​ខ្លួនមាន នេះជារឿងមួយ​ដែល​ប៉ះពាល់​ទៅលើ​គុណភាព ។

ការចង់បានបរិមាណសិស្សពីមហាវិទ្យាល័យនានា និង​តម្រូវ​ឲ្យ​មានការអនុគ្រោះគ្រប់បែប​យ៉ាង​ដល់​និស្សិត និងការយក​តម្លៃ​សិក្សា​ទាបហួសហេតុពេក វាជាមូលហេតុនៃការកាត់​បន្ថយ​កការ​ចំណាយ​លើ​ឧបករណ៍​ពិសោធន៍ ពុំមានខ្ទង់​ចំណាយ​សម្រាប់​ការលើកទឹកចិត្តពីការប្រកួតប្រជែងនិងពិពណ៌ស្នាដៃ​និស្សិត និងមានការកាត់​បន្ថយ​ប្រាក់​កម្រៃ​សម្រាប់​គ្រូ ឬ​បើកប្រាក់បៀវត្សន៍មិនទៀងទាត់ ដូច្នេះនឹងធ្វើ​ឲ្យ​មហាវិទ្យាល័យនោះ ពុំមាន​លទ្ធភាព​ក្នុង​ការទទួលបានគ្រូ​ដែល​មាន​សមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់បង្រៀន​និស្សិត​របស់ខ្លួនឡើយ ដែល​ទី​បំផុត​សាលានឹងទទួលបានគុណ​ភាពសិស្សរបស់ខ្លួនគឺ សិស្សពូកែ​ក្នុង​ចំណោម​សិស្សខ្សោយ ។ ដូច្នេះតើ​ចំណុច​ទីបីនេះវាមាន ឬ​អត់?

ហើយ​ខ្ញុំ​ក៏​សូមអភ័យទោស​ផងដែរ បើសិនជាការបកស្រាយ​ខាងលើ​វាមាន​ចំណុច​ខ្វះខាត ឬ​ក៏​ប៉ះពាល់​ដោយ​ផ្នែក​ណាមួយ​នៃការបញ្ចេញទស្សនៈរបស់​ខ្ញុំ ចំពោះមហាវិទ្យាល័យ ឬ​សាលកវិទ្យាល័យមួយចំនួន ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​គ្មាន​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថានអប់រំ​ណាមួយ​ចង់​ឲ្យ​និស្សិត​របស់ខ្លួនអ​សមត្ថភាព​ឡើយហើយ​ក៏​ចង់បានភាពល្បីនិងកិតិ្តយសដូចៗ​គ្នា ៕

ចំណេះវិជ្ផានឹង​មិនអាច​ទិញបានឡើយ​តាមរយៈ​លុយ ប៉ុន្តែ​អ្នកនឹងអាចទទួលវាបាន​តាមរយៈ ការ​ខិតខំ​ប្រឹងប្រែង និងអត់ធ្មត់​ក្នុង​ការរៀនសូត្រ នឹងបន្តដោយការ​ស្រាវជ្រាវ​បន្ថែម ៕

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០២ ប្រចាំខេសីហា ឆ្នាំ ២០០៨

 សមិទ្ឋផលអាន-ANT ៖

១. កម្មវិធី ANT Croix បង្កើត​ឡើងដោយ​ប្រើ​កូដ C++ នេះជា Link Download http://www.antkh.com/tech/31

២. កម្មវិធី​អានផេឌៀ ANT Pedia ដំណើរ​ការ​លើ​កុំព្យូទ័រ​ចាប់ពី windows 8 ឡើងទៅ នេះជា Link Download https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar

៣. វចនានុក្រមអាន-ANT ព្រមទាំង​កម្មវិធី​ផ្សេងៗ​ទៀត​ដំណើរ​ការ​លើ Android https://play.google.com/store/apps/developer?id=ANT+Mag

៤. វចនានុក្រមអាន-ANT ព្រមទាំង​កម្មវិធី​ផ្សេងៗ​ទៀត​ដំណើរ​ការ​លើ iOS នេះជា Link Download -https://itunes.apple.com/us/developer/kakada-sam/id1208341765

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា