For Android device For iOS device
២១
ធ្នូ

ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្សែ USB លូតបានវែង?

ទស្សនាវដ្តីអាន “ANT”  ច្បាប់ទី២៩ ប្រចាំខែសីហា ឆ្នាំ​២០១១ ទំព័រអាន showroom បាន​បង្ហាញ​លោកអ្នក​ពីរបៀបនៃការ​ទាញយក​ថាមពល​ភ្លើង៥វ៉ុលពី​ខ្សែ USB ទៅ​ប្រើ​ប្រាស់​ជាមួយ​ឧបករណ៍​ផ្សេងៗ ។

សម្រាប់​ច្បាប់ទី៣០ នេះយើងនឹង​បង្ហាញ​លោកអ្នក​របៀបធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​ខ្សែ USB វែងតាម​ដែល​យើងត្រូវការ ។ ឧទាហរណ៍ថា​លោកអ្នក​មានម៉ាស៊ីន printer ដែល​ត្រូវ​ភ្ជាប់​ទៅកាន់​កុំព្យូទ័រ​តាមរយៈ USB ប៉ុន្តែ​ខ្សែ USB នោះខ្លី​ដែល​មិនអាច​ភ្ជាប់​ទៅដល់​កុំព្យូទ័រ​នោះបាន ហើយ​ក៏​មានភាពចាំបាច់ណាស់ផងដែរ​សម្រាប់​ការដាក់ printer នៅទីតាំងនោះ ។ ឧទាហរណ៍មួយផ្សេងទៀត​លោកអ្នក​ចាំបាច់ត្រូវពង្រាយ web camera ដើម្បី​តាមដាន​ក្នុង​បន្ទប់​ធ្វើការ ឬ​ក្នុង​បន្ទប់​សំខាន់​ៗ​របស់អ្នក​ដូចអ្វី​ដែល​យើងបានចុះផ្សាយ​ក្នុង​ច្បាប់ទី២៨ ប្រចាំខែកក្កដា ឆ្នាំ​២០១១ ទៅនឹងប្រធានបទមួយ “ការតាមដានសកម្មភាពផ្សេងៗ​តាមរយៈ iPhone” ជាការអនុវត្តន៍យើងនឹងជួបប្រទះពីបញ្ហា​ខ្សែ USB របស់ Webcam គឺមានប្រវែងខ្លី​ដែល​មិនអាច​ភ្ជាប់ ទៅកាន់​កុំព្យូទ័រ​ទៅតាម​ទីតាំងនៃការពង្រាយ webcams នោះបានឡើយ ។

ដូច្នេះតើយើងត្រូវធ្វើដូចម្តេច ដើម្បី​ដោះស្រាយបញ្ហាខាងលើនោះបាន?

លោកអ្នក​ប្រហែលជាអាចឆ្លើយបាន​យ៉ាង​លឿន​គឺថា ត្រូវទៅហាង​កុំព្យូទ័រ​ហើយទិញ​ខ្សែ USB ដែល​វែងមកបន្តទៅកាន់ printer ឬ​ក៏ webcams ទាំងនោះ​ជាការស្រេចវា​គ្មាន​អ្វីពិបាកឡើយ ។
ចម្លើយ​នេះគឺអាចចាត់ទុកថាជា​ចម្លើយ​ត្រឹមត្រូវមួយបាន ប៉ុន្តែ​តើ​លោកអ្នក​ប្រាកដទេ ថា​ខ្សែ USB ដែល​ត្រូវទិញ និងមានលក់នៅហាង​កុំព្យូទ័រ​នោះវាវែងសមល្មមទៅនឹងការចង់បានដែរ ឬ​អត់? ហើយវាអាចមាន​តម្លៃ​ថ្លៃជាងវិធី​ដែល​យើង នឹងដោះស្រាយ​ខាងក្រោម​៖
ជាការពិតណាស់​លោកអ្នក​អាចនឹងខ្ជិល ក្នុង​ការធ្វើតាមវិធី​ដែល​យើងខ្ញុំ​បង្ហាញ​នេះ ប៉ុន្តែ​ផ្ទុយទៅវិញបើសិនជា​លោកអ្នក​អនុវត្តន៍តាមនោះ យើងនឹងអាចសន្សំបាន​នូវ​ថវិកាមួយ​ផ្នែក​ពីវា ជាពិសេសវា​ក៏​ជួយរួម​ចំណែក​ថែរក្សាបរិស្ថានពីការបោះចោល​ឧបករណ៍​ចាស់ៗ​ទៀតផង ។

តើការអនុវត្តន៍ដោយវិធីណា​សម្រាប់​ពង្រីកប្រវែង​ខ្សែ USB តាម​ដែល​យើងត្រូវការនោះ?

ជាដំបូង​លោកអ្នក​ត្រូវរកនឹកមើលថាតើ​ក្នុង​ផ្ទះ ឬ​កន្លែង​ធ្វើការ​របស់​លោកអ្នក​មានសល់​ខ្សែ network ប្រភេទ UTP (Unshielded Twisted Pair) ចាស់ៗ​ដែរ ឬ​អត់? 

បើអត់ទេអាចទៅហាង​កុំព្យូទ័រ​ណាមួយទិញវាតាមប្រវែង​ដែល​លោកអ្នក​ត្រូវការ ។ បន្ទាប់មកអនុវត្តន៍ដូច​ខាងក្រោម​៖

កាត់ក្បាល RJ-45 ទាំងសងខាងចេញបើសិនជា​ខ្សែ network របស់​លោកអ្នក​បានកិបក្បាល RJ-45 នោះហើយ ។

រួចពន្លាត់​ឱ្យ​ចេញ​ខ្សែ​តូចៗ​ដែល​នៅ​ក្នុង​នោះ  យើងនឹងឃើញមាន​ខ្សែ​តួចៗ​ចំនួនបួនគូ បន្ទាប់មកញែក​ខ្សែ​ពណ៌សឆ្នូតទឹកក្រូចចេញពី​ខ្សែ​ពណ៌ទឹកក្រូច  ញែក​ខ្សែ​ពណ៌សឆ្នូតបៃតងចេញពី​ខ្សែ​ពណ៌បៃតង និង ញែក​ខ្សែ​ពណ៌សឆ្នូតខៀវចេញពី​ខ្សែ​ពណ៌ខៀវយើងនឹងបាន​ខ្សែ​ពណ៌សមានឆ្នូតទឹកក្រូច សមានឆ្នូតបៃតង និងសមានឆ្នូតខៀវ ដូច​បង្ហាញ​នៅ​ក្នុង​រង្វង់រូបភាព​ខាងក្រោម​៖

បន្តពីនេះសូមកាត់​ខ្សែ​សទាំងបីនេះចោល ឬ​អាចកាត់​ខ្សែ​ពណ៌សទាំងបួនចោល​ក៏​បាន ព្រោះ​ជា​ទូទៅ​ខ្សែ USB មានតែបួន​ខ្សែ​តូចៗ​ទេ​ដែល​ចាំបាច់ហើយមុខងារនៃ​ខ្សែ​នីមួយ​ៗ​យើងបាន​បង្ហាញ​ក្នុង​ច្បាប់ទី២៩ រួចហើយផងដែរ ប៉ុន្តែ​ក្នុង​ឧទាហរណ៍នេះគឺយើងទុក​រហូត​ដល់ប្រាំ​ខ្សែ ក្នុង​ចំណោម​ប្រាំបី​ខ្សែ​តូចៗ​របស់​ខ្សែ UTP ក៏​ដោយសារ​យើងអនុវត្តន៍ ឧទាហរណ៍នេះជាមួយ webcam ដែល​ខ្សែ USB របស់វាមាន​រហូត​ដល់ ៥​ខ្សែ​តូចៗ ។

សូម​បញ្ជាក់​

វាមិនចាំបាច់​ដែល​យើងដាច់ខាតត្រូវតែកាត់​ខ្សែ​ពណ៌ស របស់​ខ្សែ UTP នោះទេ ការពិតកាត់​ខ្សែ​មួយណា​ក៏​បាន សំខាន់​គឺទុកចំនួន៤ ឬ​៥សរសៃតាម​តម្រូវ​ការជាក់ស្ដែងរបស់​លោកអ្នក​ប៉ុណ្ណោះ ម្យ៉ាង​ទៀតមូលហេតុ​ដែល​យើងគួរទុក ខ្សែ​ដែល​មានពណ៌ផ្សេងៗ​ក្រៅពីស ក៏​ដោយសារ​ងាយ​ចំណាំ​ក្នុង​ពេល​ដែល​យើង​ធ្វើការ​ភ្ជាប់​វាទៅកាន់​ខ្សែ USB តែប៉ុណ្ណោះ ។

ក្រោយពីកាត់យើងនឹងបានឃើញដូចរូប​ខាងក្រោម​៖

បន្តពីនេះយើងត្រូវកាត់​ខ្សែ USB នៃ​ឧបករណ៍​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​ខ្សែ UTP ខាងលើ​ក្នុង​ឧទាហរណ៍នេះយើង នឹងកាត់​ខ្សែ USB របស់ webcam កំពុង​បង្ហាញ​នៅ​ក្នុង​ទីតាំង ANT Showroom ម៉ូ​ដែល SSK-P331 ដែល​ជា webcam មាន microphone ក្នុង​នោះស្រាប់​តែម្ដង ងាយនឹង​ប្រើ​ប្រាស់​សម្រាប់​កម្មវិធី chat ដូចជា Skype , GoogleTalk ជាដើម ។

ខាងក្រោម​គឺជារូបភាពនៃកំណាត់​ខ្សែ USB របស់ webcam

 សូម​ភ្ជាប់​កំណាត់​ខ្សែ USB របស់ webcam ទៅកាន់​ខ្សែ UTP ទៅតាម​ពណ៌ដូច​ខាងក្រោម​៖
  • ខ្សែ​ពណ៌សរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌សឆ្នូតត្នោតរបស់ UTP
  • ខ្សែ​ពណ៌ខៀវរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ខៀវរបស់ UTP
  • ខ្សែ​ពណ៌បៃតងរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌បៃតងរបស់ UTP
  • ខ្សែ​ពណ៌ក្រហមរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ទឹកក្រូចរបស់ UTP
  • ខ្សែ​ពណ៌ខ្មៅរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ត្នោតរបស់ UTP
ទី​បំផុត​យើងនឹងបានពង្រីក​ខ្សែ USB របស់ webcam ខាងលើ​ទៅតាម​ប្រវែង​ដែល​យើងចង់បានដូចរូប​ខាងក្រោម​
 
សូម​បញ្ជាក់​
 ​ខ្សែ USB ជំនាន់​ទី២ ជាធម្មតាប្រវែង​ដែល​អាចពង្រីកបានដោយរក្សា​ល្បឿន​របស់វាជាធម្មតាគឺ ៥ម៉ែត្រ ហើយអាចពង្រីកបាន​ក្នុង​ប្រវែងវែង​បំផុត​ក្នុង​ចម្ងាយ ១៥ម៉ែត្រ​តាមរយៈ​ការ​ប្រើ​ប្រាស់​ជំនួយពី USB hub ។  
ប៉ុន្តែ​គេ​ក៏​អាចពង្រីកបាន​ចម្ងាយ​ពី៣០ រហូត​ដល់ជាង១០០ម៉ែត្រ​តាមរយៈ  Cat5USB extender 
​កំណត់​សម្គាល់៖ លោកអ្នក​ត្រូវប្រាកដថាគ្រប់មុខតំណ​នីមួយ​ៗ​ត្រូវ រុំ​ឱ្យ​បានជិតចៀសវាងការឆ្លងចរន្តពេល​ដែល​ប្រើ​ប្រាស់ ។ ហើយយើងខ្ញុំ​ក៏​មិនបានផ្ដល់ការធានាខុសត្រូវ​សម្រាប់​ការខូចខាត​ដែល​បណ្ដាលមកពីការធ្វើតាមរបស់​លោកអ្នក​ផងដែរ ។
អត្ថបទនេះ​គ្រាន់តែ​ឆ្លុះបញ្ចាំងពីគំនិតនៃការ​បង្កើត​ថ្មី និងចេះកែច្នៃ​នូវ​គ្រឿង​ប្រើ​ប្រាស់​ចាស់ៗ​មក​ប្រើ​ប្រាស់​ជាថ្មីឡើងវិញប៉ុណ្ណោះ ចៀសជាងការទុកវា ឬ​ក៏​បោះចោលដោយឥតប្រយោជន៍ ហើយជាពិសេសវា​ក៏​ជាការរួម​ចំណែក​ថែរក្សាបរិស្ថាននៃការរស់នៅរបស់មនុស្សផងដែរ និង មួយ​ផ្នែក​ទៀតវាបានសន្សំសំចៃថវិកាថែម​ទៀតផង ។
 
*** យើងនាំគ្នាចែក​រំលែក​នូវ​បទពិសោធន៍នៃការ​ប្រើ​ប្រាស់​ឧបករណ៍​ថ្មីៗ​ជាមួយនឹង​បន្ទប់​បង្ហាញ Showroom របស់ទស្សនាវដ្តី អាន "ANT" ***

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា